ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​៣​នាក់ ប្លន់​ចិន​ដូចគ្នា យកប្រាក់​ជាង​១១ ម៉ឺន​ដុល្លារ ត្រូវ​បញ្ជូនទៅ​តុលាការ​

64


​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនជាតិ​ចិន​៣ នាក់ ដែល​ប្លន់​ជន​ជាតិចិន​ដូចគ្នា យកលុយ​អស់​ជាង ១១​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​តុលាការ ។​

​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ករណី​ជនជាតិ​ចិន ធ្វើ​សកម្មភាព​ប្លន់​ជនជាតិ​ចិន​ដូចគ្នា យក​អស់​លុយ​ជាង​១១​ម៉ឺន​ដុល្លារ និង​សម្ភារ​មួយចំនួន នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេង​កេង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ ត្រូវ​កម្លាំង​តាម​បង្ក្រាបបាន​ជនដៃដល់​ចំនួន​៣​នាក់​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​នេះ ដោយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​បឹង​កេងកង​, ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក មុំ ចេក នាយការិយាល័យ​រដ្ឋបាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន និង​មានការ​ចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន ព្រមទាំង​មានការ​សម្របសម្រួល​ពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​បើតាម​លោក​វរសេនីយ៍ឯក មុំ ចេក ជនសង្ស័យ​ទាំង​៣​នាក់​នេះ ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួនបាន​នៅ​ចំណុច​ផ្លូវ​ព្រលានយន្ដហោះ ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប រួមមាន​៖ ទី​១៖ ឈ្មោះ Shan Shiquan, ទី​២៖​ឈ្មោះ Wei Bingwen និង​ទី​៣៖​ឈ្មោះ Zeng Merng​។​

​ជនសង្ស័យ​បាន​សារភាពថា នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ប្លន់​ជនរងគ្រោះ នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​ប្រាក់​ចំនួន​១១​ម៉ឺន​ដុល្លារ និង​ទូរស័ព្ទ​៥​គ្រឿង ប្រាកដ​មែន​។​

​ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​បានសម្រេច​រួចហើយ ពួកគេ​បាន​ជិះ​រថយន្ដ​មួយគ្រឿង​ម៉ាក Tacoma ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AW-4483 ទៅ​ប្លុង​ចោល​នៅ​ខេត្តសៀមរាប បន្ទាប់មក​ជិះ​តាក់ស៊ី​ទៅ​ខេត្ដ​បន្ទាយមានជ័យ ក្នុង​គោលបំណង​ទៅ​ប្រទេស​ថៃ តែ​ច្រកព្រំដែន​ត្រូវបាន​បិទ​មិន​ឲ្យ​ចេញចូល ហើយ​ពួកគេ​ស្នាក់នៅ​ទីនោះ​រយៈពេល​២​ថ្ងៃ ទើប​ត្រឡប់​ទៅ​ខេត្ត​ព្រះសីហនុ​វិញ​។​

​លុះដល់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ ពួកគេ​បានធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ ហើយ​បន្ដដំណើរ​ទៅ​ខេត្តសៀមរាប ដើម្បី​ទៅយក​រថយន្ដ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង​។ បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង