ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្ថាន​ទូត​កម្ពុជា ជួយ​អន្តរាគមន៍ ​ស្ត្រី​ខ្មែរ​រងគ្រោះ ចំនួន ៣ រូប ដែល​ចាញ់បោក​មេខ្យល់ នាំទៅ​ប្រទេស​ចិន​

64

​វៀតណាម​៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ មាន​សមត្ថកិច្ច​ខេត្ត​ថា​ញ់​ហ័​រ និង​ខេត្ត​ឡាំង​សឺ​ន វៀតណាម ជួយ​អន្តរាគមន៍ និង​ទទួល​ស្ត្រី​ខ្មែរ​រងគ្រោះ ចំនួន ៣ រូប ដែល​ចាញ់បោក​មេខ្យល់​នាំទៅ​ប្រទេស​ចិន ហើយ​បាន​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​វៀតណាម តាំងពី​ចុងខែ​មីនា​។ នេះ​បើតាម​ការផ្សាយ​របស់ Royal Embassy of Cambodia in Vietnam នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០​។​

​ស្ថានទូត​បាន​ទិញ​សំបុត្រ​រថភ្លើង និង ឧបត្ថម្ភ​ថវិកា សម្រាប់​ទទួលទាន​អាហារ ហើយ​បញ្ជូន​ពួកគាត់ ដោយ​ចេញដំណើរ​ពី​ក្រុង​ហាណូយ តាម​រថភ្លើង​នៅ​ថ្ងៃទី ៥ ខែឧសភា និង​ទៅដល់​ទីក្រុង​ហូ​ជី​មី​ញ នៅ​ថ្ងៃទី​៧ ខែឧសភា​នេះ ដែល​នៅ​ទីនោះ ស្ថាន​កុងស៊ុល​កម្ពុជា នឹង​បញ្ជូន​ពួកគាត់ បន្ត​តាម​រថយន្ត​ទៅកាន់​ច្រកព្រំដែន​ម៉ុក​បាយ​-​បាវិត​។​

​ស្ថានទូត​បាន​ផ្តាំផ្ញើ​ដល់​ស្ត្រី​ទាំងបី​រូប សូម​ឈប់​ចាញ់បោក​មេខ្ស​ល់​ទៀត និង​ប្រាប់​ដល់​មិត្តភក្តិ ពីបទ​ពិសោធន៍​ដ៏​លំបាក​នេះ ហើយ​ពេលទៅដល់​មាតុប្រទេស​វិញ ខិតខំ​កសាង​ខ្លួន ប្រកបមុខរបរ​តាម​សមត្ថភាព​៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង