ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញ​ចម្លាក់​ថ្ម​សត្វ​អណ្តើក ត្រីសូល៍ ចម្លាក់​នាគ និង​ថ្ម​គ្រី​ស្តា​ល់​នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់​

70

 

​ខេត្តសៀមរាប ៖ នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ ក្រុមការងារ​ជួសជុល​ប្រាសាទ កណ្តាល​ស្រះស្រង់ បាន​ប្រទះឃើញ​ចម្លាក់​ថ្ម​សត្វ​អណ្តើក នៅក្នុង​កំណាយ​ស្រាវជ្រាវ​។

​បើតាម​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បានផ្តល់​ពត៌មាន​ថា កាលពី​ព្រលប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ ក្រុមការងារ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ បាន​ប្រទះឃើញ​ចម្លាក់​ថ្ម​សត្វ​អណ្តើក​ធំ​មួយ​ក្នុងពេល​កំណាយ​ស្រាវជ្រាវ​នៅ​ទីនោះ​។​

​ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់ ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​លោក ម៉ៅ សុខ​នី ប្រធាន​ការដ្ឋាន បាន​រាយការណ៍​ស្ដីពី ក្រុម​បុរាណ​វិទូ​កំពុង​កំណាយ​ស្រាវជ្រាវ បាន​ប្រទះឃើញ​វត្ថុ​បុរាណ​ចំនួន​៣​ប្រភេទ គឺ​ចម្លាក់​នាគ ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់​?) និង​ត្រីសូល៍ នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​។​

​តាម​ការបញ្ជាក់​ពី​ក្រុមការងារ​បានឱ្យដឹងថា ចាប់តាំងពី​ផ្តើម​កំណាយ​រហូតមក​ដល់ពេលនេះ ក្រុមការងារ​បាន​រក​ឃើញ​បុរាណវត្ថុ​ជាច្រើន​ដែល​ស្ថិតនៅ​រាយប៉ាយ​លើដី​ជុំវិញ​ទួលប្រាសាទ​។​

​ក្នុងនោះ​បុរាណវត្ថុ​ចំនួន​បី​ប្រភេទ​ដែល​គេ​ពុំ​ធ្លាប់បាន​ប្រទះឃើញ​នៅទីនេះ​មាន​ជាអាទ៍​៖ ត្រីសូល៍​ធ្វើ​ពី​លោហៈ​ចំនួន​២ ដែល​១​នៅមាន​រូបរាង​ពេញលេញ និង​១​ទៀត​នៅសល់តែ​បំណែក​ចុង​ស្រួច​មួយ​ចំហៀង​។ ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់​?) ជាច្រើន​គ្រាប់ ដូច​ធ្លាប់​រកឃើញ​នៅក្នុង​រណ្តៅ​កំណាយ​ទីតាំង​ផ្សេងៗ​ពីមុន​ដែរ និង​បំណែក​ចម្លាក់​ក្បាល​នាគ​មួយ​ធំ​ដែល​មួយផ្នែកធំ​កប់​នៅក្នុង​ដី​នៅឡើយ​។​

​ការរកឃើញ​សំណល់​បុរាណវិទ្យា​ទាំងនេះ ក្រុម​បុរាណ​វិទូ នៅ​មិនទាន់​អាច​សន្និដ្ឋានបានថា​ស្ថិតនៅ​ក្នុងសម័យ​កាលណា គេ​ដាក់​ដើម្បី​អ្វី និង​មាន​អ្វី​បន្ថែមទៀត​នោះទេ ព្រោះ​ទើបតែ​ជា​ដំណាក់កាល​ដំបូង​នៃ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​។ លទ្ធផល​នឹង​បង្ហាញ​ច្បាស់លាស់​ជាង​នេះ​នៅក្រោយ​បញ្ចប់​ការងារ​ស្រាវជ្រាវ​។ បើសិនជា​មិនមាន​អ្វី​រារាំង និង​រំខាន​ក្នុងអំឡុងពេល​កំណាយ កិច្ចការ​ស្រាវជ្រាវ​នេះ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​រយៈពេល​៦​សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០​មក​។​

​ក្នុងការ​រក្សាទុក​ដាក់​វត្ថុ​បុរាណ​វិញ ឯកឧត្ដម​អគ្គនាយក​រង​បានឱ្យដឹងថា បច្ចុប្បន្ន​ដើម្បី​រក្សា​ពី​សុវត្ថិភាព ក្រុមការងារ​បាន​នាំយក​វត្ថុ​ទាំង​នោះមក​ប្រគល់ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដើម្បី​ជួសជុល សម្អាត និង​រក្សាទុក​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

អត្ថបទដែលជាប់ទាក់ទង