ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកម៉ៃតុលា អតីតអគ្គលេខាធិការ ស្តីទីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រូវបានឃាត់ខ្លួនបញ្ជូនទៅACU រឿងពុករលួយ

78

ភ្នំពេញ៖លោកម៉ៃតុលាអតីតអគ្គលេខាធិការស្តីទីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញដោយសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកម៉ៃតុលាអតីតអគ្គលេខាធិការស្តីទីនិងជាអតីតនាយកបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលរងការដាក់ពិន័យធ្ងន់ធ្ងរជាងគេចំនួន២ចំណុចគឺមិនឱ្យប៉ះពាល់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិតនិងត្រូវបានសហព័ន្ធបញ្ជូនសំណុំរឿងពុករលួយទៅកាន់តុលាការនោះ។

មន្រ្តីជាន់ខ្ពស់អាវុធហត្ថបានបញ្ជាក់ថា«អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោកម៉ៃតុលាអតីតអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាហើយនៅថ្ងៃទី៧ខែឧសភាហើយបច្ចុប្បន្នលោកម៉ៃតុលាកំពុងត្រូវបានសួរនាំនៅអង្គភាពប្រឆាំងអំពើពុកលួយដើម្បីកសាងសំណុំរឿងនិងអនុវត្តតាមនីតិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»

សូមបញ្ជាក់ថាមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន៤រូបដែលត្រូវបានគណៈកម្មាធិការប្រតិបត្តិសម្រេចដកមុខតំណែងនិងព្យួរមិនឲ្យធ្វើសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិតដែលធ្វើឲ្យកក្រើកនៅក្នុងមជ្ឈដ្ឋានកីឡាបាល់ទាត់FFC ត្រូវបានមន្រ្តីនៅក្នុងសហព័ន្ធទម្លាយប្រាប់ជាសាធារណៈថាគឺជាប់ពាក់ព័ន្ធជាមួយនឹងអំពើពុករលួយឃុបឃិតជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ។

ទំហំទឹកប្រាក់នៅក្នុងអំពើឃុបឃិតគ្នាជាប្រព័ន្ធត្រូវបានគណៈកម្មាធិការប្រតិបត្តិរកឃើញមានទឹកប្រាក់ប្រមាណ៥៩៧៣៦ដុល្លារគិតចាប់តាំងពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៩ហើយនេះមិនរាប់បញ្ចូលព្រឹត្តិការណ៍ប្រកួតធំៗជាច្រើននាពេលកន្លងនោះឡើយ។

ការឃាត់ខ្លួនមន្ដ្រីបច្ចេកទេសខាងលើគឺក្រោយមួយថ្ងៃដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសបញ្ចប់តួនាទីភារកិច្ចអតីតអគ្គលេខាធិការរងសហព័ន្ធខាងលើព្រមទាំងអតីតមន្ដ្រី៣រូបទៀតរួមមានលោកទុយវិច្ឆិកាជាប្រធានការិយាល័យអាជ្ញាកណ្តាល, លោកឆាំងពិសិដ្ឋជាប្រធានការិយាល័យប្រកួតនិងលោកគល់សុភារម្យជាប្រធានការិយាល័យរដ្ឋបាលដែលឃុបឃិតគ្នាជាប្រព័ន្ធកិបកេងថវិការបស់សហព័ន្ធទទួលបានពីការប្រកួតTiger Street នូវទឹកប្រាក់៥៩.៧៣៦ដុល្លារគិតពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៩។

ដោយសារការប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរផ្ទុយពីក្រុមសីលធម៌និងវិន័យរបស់សហព័ន្ធទើបថ្នាក់ដឹកនាំFFC សម្រេចព្យួរអតីតមន្ដ្រី៤រូបខាងលើមិនឲ្យពាក់ព័ន្ធសកម្មភាពបាល់ទាត់អស់មួយជីវិត។លើកលែងតែលោកម៉ៃតុលាដែលត្រូវបានសហព័ន្ធដាក់ពាក្យបណ្ដឹងដើម្បីដោះស្រាយតាមផ្លូវច្បាប់ចំពោះការប្រព្រឹត្តអំពើពុករលួយរហូតដល់មានការឃាត់ខ្លួនដូច្នេះ៕

 

អត្ថបទដែលជាប់ទាក់ទង