ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរការផលិតអំបិលក្នុងខេត្តកំពត នៅបន្ដដំណើរការទៅមុខ​ បេីទោះបីជាមានការលំបាកមួយចំនួនក៏ដោយ

93

ភ្នំពេញ៖ លោក ភូ លិ អភិបាលរងខេត្តកំពត បានអះអាងថា ដំណើរការផលិតអំបិលក្នុងខេត្តកំពត នៅតែបន្ដដំណើរការទៅមុខដូចធម្មតា បើទោះបីកន្លងទៅ មានជួបការលំបាកមួយចំនួនដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ និងដើមទុនសម្រាប់ធ្វើអាជីវកម្មជាដេីម។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៨​ ឧសភានេះ​ លោក ភូ លិ បានបញ្ជាក់ថា​ ជាមោទនភាពសម្រាប់ខេត្តកំពត​ គឺជាកន្លែងផលិតអំបិល ហើយដែលបានចែកចាយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែលជាអំបិលមានគុណភាពល្អ។
សម្រាប់លោក ភូ លិ កន្លងមកពេលដែលសហគមន៍អំបិលកើតឡើង សហគមន៍អំបិលក៏មានការព្រួយបារម្ភថា ពេលដែលផលិតបានទៅច្រើន យើងពិបាករកទីផ្សារ ប៉ុន្ដែកន្លងទៅមកដោយសារតែបម្រែបម្រួលអាកាសធាតុផង, វិបត្តិផលទុនផង ធ្វើឲ្យអ្នកផលិតអំបិលមានការលំបាកបន្ដិច។
ពាក់ព័ន្ធនឹងបញ្ហាអំបិលនេះដែរ បច្ចុប្បន្នថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយគណៈអភិបាលខេត្តកំពត កំពុងខិតខំធ្វើយ៉ាងរឹតត្បិតអំបិល ដែលមានសារធាតុគីមី នាំចូលមកពីប្រទេសជិតខាងយកមកចែកចាយក្នុងប្រទេសកម្ពុជា។ នេះបេីតាមការបញ្ជាក់របស់លោក​ ភូ​ លិ។
សូមជម្រាបជូនថា រយៈពេល៤ខែ ឆ្នាំ២០២០នេះ ការផលិតអំបិលនៅក្នុងខេត្តកំពត បានចំនួន ២៧,៧៧៥តោន ក្នុងនោះបានផ្គត់ផ្គង់ទៅលើទីផ្សារ ចំនួន ១២,៣៣២តោន៕
សំរិត

អត្ថបទដែលជាប់ទាក់ទង