GMAC អំពាវនាឲ្យ ម្ចាស់អាគារ ជួលឲ្យរោងចក្រកាត់ដេរ ចុះថ្លៃ៣០%
ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានអំពាវនាដល់ម្ចាស់អាគារនានា ដែលជួលឲ្យរោងចក្រកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង ជាដើម ចុះថ្លៃឈ្នួលរបស់ខ្លួន យ៉ាងតិច ៣០% ។
បើតាម GMAC ស្នើដល់បណ្តាម្ចាស់អាគារនានាដែលជួល និងបម្រើដល់វិស័យកាត់ដេរនៅកម្ពុជា ពិចារណាក្នុងការបញ្ចុះតម្លៃនោះ ដើម្បីចូលរួមជួយទ្រទ្រង់ដល់វិស័យឧស្សាហកម្មនៅកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល។
យោងតាមលិខិត អំពាវនាវ របស់ GMAC ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ជាឧស្សាហកម្មមួយក្នុងចំណោម ឧស្សាហកម្មនានានៅកម្ពុជា ដែលទទួលបាននិងកំពុងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។ការទទួលរងនេះ ត្រូវបានសង្កេតឃើញថា មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ជាក់ស្ដែង មានរោងចក្រចំនួន១៨០ត្រូវបានព្យួរផលិតកម្មរបស់ខ្លួន និងរោងចក្រចំនួន៦០ផ្សេងទៀត កំពុងប្រឈមការព្យួរផលិតកម្មដូចគ្នាក្នុងពេលដ៏ខ្លីខាងមុខនេះ។
ការព្យួរផលិតកម្មទាំងអស់ខាងលើនេះបានបង្ហាញពីភាពមិនអាចទ្រទ្រង់នូវបន្ទុកក្នុងការចំណាយជាប្រចាំបានបន្ទាប់ពីការបញ្ជាទិញរបស់ទីផ្សារអន្តរជាតិត្រូវបានផ្អាក និងលុបចោលជាច្រើន។
ជាមួយគ្នានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់ពីផលលំបាកយ៉ាងធ្ងន់ធ្ងររបស់ឧស្សាហកម្មកាត់ដេរ ដែលតម្រូវឱ្យបណ្តាម្ចាស់អាគារជួលឱ្យរោងចក្រនានាពិចារណាក្នុងការបញ្ចុះតម្លៃឱ្យបានកម្រិតច្រើន ដែលតិចបំផុតត្រឹម៣០ភាគរយនៃតម្លៃជួលសរុប សម្រាប់រយៈ៣-៦ខែ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយទ្រទ្រង់ដល់វិស័យមួយនេះ និងស្ដារសេដ្ឋកិច្ចនៅកម្ពុជា ដែលកំពុងប្រឈមជាមួយនឹងវិបត្តិនៃជំងឺសាកលនៅពេលបច្ចុប្បន្ន។
GMAC បញ្ជាក់ថា ក្នុងការចុះថ្លៃឈ្នួលនេះ នឹងអាចជួយសម្រាលបន្ទុកចំណាយ របស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីទ្រទ្រង់វិស័យនេះ។
ជាងនេះទៅទៀត GMAC ថ្លែងអំណរគុណដល់ម្ចាស់អាគារទាំងអស់ចំពោះការយកចិត្តទុកដា ក់ និងការគាំទ្ររបស់លោកអ្នកកន្លងមក។ GMAC និងកិច្ចសហការបន្ថែមទៀតទៅថ្ងៃមុខ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕