សម្តេចពិជ័យសេនា ទៀ បាញ់ ជួបសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការពារជាតិចិន
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ វ៉េ ហ្វុងហឺ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមការផ្សាយរបស់គេហទំព័រក្រសួងការពារជាតិ នៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២០។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ នាពេលនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ ព្រមទាំងឯកឧត្តម ជាអគ្គនាយក មេបញ្ជាការ មេបញ្ជាការរងកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ និងទាហាននៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត។
នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរកម្ពុជា-ចិន នាឱកាសនោះ ឯកឧត្តម វ៉េ ហ្វុងហឺ បានលើកឡើងវិញអំពីកិច្ចសហការរវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរកម្ពុជា-ចិន ដែលកន្លងមក ឯកឧត្តមធ្លាប់បានមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នឹងបានជួបសន្ទនាជាមួយគ្នាក្នុងវេទិកាផ្សេងៗ និងការចូលរួមក្នុងវេទិកាសៀងសានផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានបញ្ជាក់ថា៖ ក្នុងពេលដែលប្រទេសចិនជួបការលំបាក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ព្រះមហាក្សត្រ និងសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន ផ្ដល់ការគាំទ្រពេញទំហឹងដល់ប្រទេសចិន ជាពិសេសទៀតសម្តេចពិជ័យសេនា បានផ្ញើលិខិតរំលែកទុក្ខដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ហើយនៅក្នុងកាលៈទេសៈនោះដែរ ក្រសួងការពារជាតិកម្ពុជា ក៏បានផ្ដល់សម្ភារបរិក្ខារមួយចំនួនដល់ប្រទេសចិនផងដែរ ដែលទង្វើនេះបានបង្ហាញឲ្យឃើញថា ចិន និងកម្ពុជា ជាមិត្តដែកថែប រួមសុខរួមទុកជាមួយគ្នា។
ឯកឧត្តម បានសំដែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។ ឯកឧត្តម បានបញ្ជាក់ទៀតថា៖ ប្រទេសចិនបានបញ្ជូនគ្រូពេទ្យយោធាចិនមកកាន់កម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ដែលកម្ពុជាជាប្រទេសទី១ ដែលកងទ័ពរំដោះប្រជាជនចិនបានបញ្ជូនគ្រូពេទ្យទៅក្រៅប្រទេស ហើយបានផ្តល់សម្ភារបរិក្ខារពេទ្យ សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ចំនួន ៣ លើកមកកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វ៉េ ហ្វុងហឺ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក៏បានចែករំលែកបទពិសោធមួយចំនួន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក្នុងនោះកងទ័ពចិនបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ហើយការខិតខំប្រឹងប្រែងនោះទទួលបានជោគជ័យ។ ទទឹមនឹងនោះប្រទេសចិនក៏បានផ្តល់ជំនួយដល់សហគមន៍អន្តរជាតិផងដែរ។
ក្នុងកិច្ចសន្ទនាតាមទូរសព្ទ័ជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វ៉េ ហ្វុងហឺ ដែលបានបង្ហាញចក្ខុវិស័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាលក្ខណៈអន្តរជាតិ។
សម្តេចពិជ័យសេនា បានបញ្ក់ថា៖ ជាការពិត ទោះបីនៅ ៤សប្តាហ៍ចុងក្រោយនេះ ស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសចិន និងកម្ពុជាមានភាពធូរស្រាលក៏ពិតមែន ប៉ុន្តែប្រទេសមួយចំនួននៅលើសកលលោកបាននិងកំពុងមានការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងៗ ដោយសារការរាលដាលដល់មនុស្សរាប់លាននាក់ នៅលើសកលលោក។ ហេតុការណ៍នេះបានធ្វើឲ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយក្នុងនោះសាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសឈានមុខមួយក្នុងការការពារ ទប់ស្កាត់ និងព្យាបាលយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែងរហូតមកដល់ពេលនេះ គ្រូពេទ្យជំនាញរួមទាំងសម្ភាររបស់សាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងប្រតិបត្តិការជួយប្រទេសជាច្រើន នៅលើសកលលោក រួមមានទាំងប្រទេសកម្ពុជាផងដែរ ឲ្យគេចផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
សម្តេចពិជ័យសេនា បានសម្តែងការកោតសរសើរ អរគុណ និងគាំទ្រចំពោះសកម្មភាពមិត្តចិន ដែលបានជួយដល់ប្រទេសជាច្រើននៅលើសកលលោក តាមការបញ្ជូនក្រុមគ្រូពេទ្យ សម្ភារពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ទាំងផ្នែកយោធា និងស៊ីវិល ដែលនេះជាការបង្ហាញពីស្មារតីសាមគ្គីភាពជាធ្លុងមួយ ការទទួលខុសត្រូវជាលក្ខណៈអន្តរជាតិពិតៗ ដើម្បីទប់ស្កាត់ និងយកជ័យជម្នះលើជំងឺមួយនេះ។ ក្នុងនាមក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយឥតសំណងជាសម្ភារ បរិក្ខារសុខាភិបាល រួមជាមួយគ្រូពេទ្យឯកទេស៤រូប ជួយដល់ក្រសួងការពារជាតិកម្ពុជាបានយ៉ាងទាន់ពេលវេលា ចំនួន៣លើក និងបានជួយអន្តរាគមន៍ផ្តល់កិច្ចសហប្រតិបត្តិការការពារ ទប់ស្កាត់ និងព្យាបាល ដល់កម្លាំងមួកខៀវកម្ពុជា ដែលកំពុងមានវត្តមានបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់បេសកកម្ម នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងម៉ាលី បានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ សកម្មភាពទាំងនេះ បានបង្ហាញពីស្មារតី ជាភាតរភាពដ៏ស្មោះត្រង់ និងជាមិត្តដែកថែប ដែលមិនអាចបំបែកបាន ៕