ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ៖ ១សប្តាហ៍ នៃការរឹតបន្តឹងការអនុវត្តន៍ចរាចរណ៍ផ្លូវគោកកន្លងមកនេះ ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរ គ្រោះថ្នាក់មានការថយចុះ ៥៤ភាគរយ ចំនួនអ្នកស្លាប់ថយចុះ ៤០ភាគរយ

61

ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា ១សប្តាហ៍ នៃការរឹតបន្តឹងការអនុវត្តន៍ចរាចរណ៍ផ្លូវគោកកន្លងមកនេះ ស្ថានភាពចរាចរណ៍ មានភាពល្អប្រសើរជាងមុន ដោយសារបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់បានចូលរួមគោរពច្បាប់អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងគាំទ្រការរឹតបន្តឹងការអនុវត្តច្បាប់។

នេះជាការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក្នុងសន្និសីទសារព័ត៌មានស្តីពីការឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល ១សប្តាហ៍កន្លងទៅ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យឃើញនូវបទល្មើស និងធ្វើការពិន័យចំពោះយានយន្តល្មើសច្បាប់សរុបចំនួន ១៣,៩៦៨ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០,៨១៥ករណី ស្មើនឹង៧៧% និងរថយន្តគ្រប់ប្រភេទចំនួន ៣,១៥៣ករណី ស្មើនឹង២៣%។

ជាមួយគ្នានេះ ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៣/៩៥លើក ថយ៥២លើក ស្មើ៥៤% ស្លាប់ ២៤/៤០នាក់ ថយ១៦នាក់ ស្មើ៤០% របួស ៥៦/១១៥នាក់ ថយ ៥៩នាក់ ស្មើ៥១,៣០% ប្រៀបធៀបរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩។ ចំណុចកត់សម្គាល់នោះគឺ អ្នកប្រើប្រាស់ផ្លូវច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្ត ដល់កងកម្លាំងអនុវត្តន៍ច្បាប់ មានស្មារតីបន្តអនុវត្តន៍ភារកិច្ច កាន់តែសកម្មខ្លាំងក្លាជាងមុន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់ទៀតថា នគរបាលចរាចរណ៍បានកំណត់យកបទល្មើសអាទិភាពតែ១៦ប៉ុណ្ណោះ ដើម្បីមកអនុវត្ត ក្នុងនោះមានបទល្មើសម៉ូតូចំនួន៧ និងបទល្មើសបើកបររថយន្តចំនួន៩។ បទល្មើសម៉ូតូចំនួន៧ ដែលនឹងអនុវត្តរួមមាន៖ ទី១៖ មិនពាក់មួកសុវត្ថិភាព, ទី២៖ ស្រវឹង, ទី៣៖ មិនគោរពភ្លើង និងស្លាកសញ្ញា, ទី៤៖ ល្មើសការបត់ និងវ៉ាជែង, ទី៥៖ ដឹកលើចំណុះ, ទី៦៖ គ្មានស្លាកលេខ និងទី៧៖ ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស។ ដោយឡែកបទល្មើសរថយន្តទាំង៩ រួមមាន៖ ទី១៖ ល្បឿន, ទី២៖ ស្រវឹង, ទី៣៖ គ្មានបណ្ណបើកបរ, ទី៤៖ មិនគោរពភ្លើងសញ្ញា, ទី៥៖ ល្មើសក្នុងការបទ និងវ៉ាជែង, ទី៦៖ មិនពាក់ខ្សែក្រវ៉ាត់, ទី៧៖ ដឹកលើសចំណុះ, ទី៨៖ គ្មានស្លាកលេខ និងទី៩៖ និយាយទូរស័ព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គស្នងការរង ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់សាធារណជនគ្រប់រូប ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ ធ្វើឲ្យអាត្រាគ្រោះថ្នាក់មានការថយចុះគួរឲ្យកត់សម្គាល់។ ជាមួយនឹងការថ្លែងអំគុណ និងកោតសរសើរ ឯកឧត្តមក៏បានបញ្ជាក់ជូនសាធារណជនដែរថា កងកម្លាំងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនឹងបន្តការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រកបទៅដោយភាពម៉ឺងម៉ាត់ និងសិលធម៌វិជ្ជាជីវៈបន្តទៀត។ ដូចនេះ ដើម្បីបន្តពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សូមអំពាវនាវយ៉ាងទទូចដល់សាធារណជនគ្រប់រូបដែើប្រើប្រាស់យានយន្ត សូមយកចិត្តទុកដាក់ទៅធ្វើបណ្ណបើកបរ យកយានយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបំពេញកាតព្វកិច្ចផ្សេងទៀតដែលច្បាប់បានកំណត ប្រកបដោយស្មារតីភ្ញាក់រលឹកខ្ពស់។

ពាក់ព័ន្ធនឹងការរឹងបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ នូវបានបានបញ្ជាក់ទៀតថា ចំពោះកងកម្លាំងនគរបាលចរាចរណ៍រូបណា ដែលប្រព្រឹត្ត ឬអនុវត្តន៍ច្បាប់ ខុសពីក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន អគ្គស្នងការនគរបាលជាតិ នឹងដាក់ពិន័យទៅតាមច្បាប់កងកម្លាំង ឬចាត់វិធានការតាមផ្លូវច្បាប់ ព្រោះថាច្បាប់ចរាចរណ៍ក៏មានចែងច្បាស់ ប្រសិនបើនគរបាលចរាចរណ៍ណាប្រព្រឹត្តខុសឆ្គង ក្នុងការបំពេញភារកិច្ច គឺត្រូវទទួលទោសតាមច្បាប់ជាធរមាន។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថា ដើម្បីឆ្លើយ​តប​ព័ត៌មាន ក៏ដូចជាចម្ងល់​របស់ប្រជាពលរដ្ឋ​ ​ពាក់ព័ន្ធ​នឹង​ការ​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំ​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍​ ១១៧​ (Hotline​ 117)​ ដែលមានមន្រ្តីជំនាញប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង៕​

អត្ថបទដែលជាប់ទាក់ទង