ក្រសួងធនធានទឹក ស្នើដល់អភិបាលរាជធានីខេត្ត ឲ្យជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ
ភ្នំពេញ៖ តាមរយៈលិខិតរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលចេញផ្សាយកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២០ ឯកឧត្តមលឹម គានហោ ជារដ្ឋមន្ត្រីនៃក្រសួងនេះ បានជម្រាបជូនដល់អភិបាលរាជធានីខេត្ត ឲ្យជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី យោងតាមស្ថានភាពសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យមានកំណើននៃការសាងសង់គួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងការរីកចម្រើននេះ យើងក៏សង្កេតឃើញមានសកម្មភាពអវិជ្ជមានមួយចំនួន ដូចជាការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ផ្តើមចេញពីសកម្មភាពខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម មានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាដែលអាចកើតឡើងដល់លទ្ធភាពនៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយទឹកជំនន់ ដោយសារចំណីមាត់ច្រាំងទន្លេ ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ឬតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនត្រូវបានរំលោភចាក់ដីលុប និងការសាងសង់បិទផ្លូវទឹក នានា ដោយពុំស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
ចំពោះករណីខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានីខេត្ត មានវិធានការសមស្របដើម្បីជួយទប់ស្កាត់ការរំលោភ និងចាក់ដីលុប៕