ករណីជំងឺកូវីដ១៩ ៖ ថ្ងៃនេះ មិនមានអ្នកឆ្លងជំងឺថ្មី និងពុំមានអ្នកជាសះស្បើយ
ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ម៉ោង ៧:0០នាទីព្រឹក ថ្ងៃទី ១០ ឧសភា ២០២០ យើងពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និង មិនមានករណីជាសះស្បើយថ្មីទេ ដូច្នេះករណីជាសះស្បើយចាស់សរុបមានចំនួន១២០នាក់ដដែល ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សម្រាកព្យាបាលនៅពេទ្យចំនួន ២នាក់ប៉ុណ្ណោះ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន 13448 ស្មើនឹង 827 ក្នុង១លាននាក់។
គួរកត់សម្គាល់ផងដែរថាំ អ្នកដែលកំពុងសម្រាកព្យាបាលសរុបបានថយចុះមកនៅចំនួន២នាក់ (ស្ត្រីម្នាក់នៅខេត្តបន្ទាយមានជ័យ និងបុរសម្នាក់ នៅខេត្តកំពង់ឆ្នាំង ) ដែលឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចបញ្ជូនមកបន្តការព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ នាថ្ងៃទី៨ខែឧសភាឆ្នាំ២០២០៕