ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល គ្រោង​ប្រារព្ធ​ធ្វើ​នៅ​ខេត្តកំពង់ធំ ត្រូវ​ផ្អាក ដោយសារ​ជំងឺឆ្លង COVID-19

137

 

​ភ្នំពេញ​៖ ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ពិសាខ នៅឯ​វាល​ព្រះមេរុ ស្ថិតនៅ​ខាងជើង​ព្រះបរមរាជវាំង នៃ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ តែ​ឆ្នាំ​ខ្លះ​ព្រះ​រាជពិធី​នេះ ក៏​ធ្វើ​នៅតាម​បណ្តា​ខេត្ត​ដែរ ហើយ​ជា​ព្រះរាជ​ពិធី​មួយ​ដែលមាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ​។ ព្រះរាជ​ពិធីបុណ្យ​ប្រពៃណី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស ទៅតាម​ការបរិភោគរ​បស់ «​គោ​ឧសភរាជ​»​។

​ម្យ៉ាងទៀត​ក៏​ជាការ​ដាស់តឿន ក្រើនរំលឹក​ដល់​ប្រជាជន​ខ្មែរ ដែល​ពឹង​ផ្អែកលើ​ការធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឱ្យបាន​ដឹងថា រដូវវស្សា​បាន​ចូលមក​ដល់​ហើយ​។ ចំណែក​ឆ្នាំនេះ​ព្រះរាជ​ពិធីបុណ្យ​ទ្វារ​ទស​មាស ច្រត់ព្រះនង្គ័ល គ្រោង​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្តកំពង់ធំ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក ដើម្បី​ចូលរួម​ទប់ស្កាត់​និង​ការពារ​ការរីក​រាលដាល នៃ​ជំងឺឆ្លង COVID-19 យោងតាម​ព្រះរាជ​ត​ម្រិៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវី​ត​លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ឈ្វេងយល់​អំពី​ទុក្ខលំបាក នៃ​ផលប៉ះពាល់​ពី​ជំងឺ​រលោក​ផ្លូវដង្ហើម COVID-19 ដែល​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក ហើយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ក៏​កំពុង​រង​ផលប៉ះពាល់​នេះដែរ​។​

​ខាងក្រោម​នេះ​ជា​ប្រវត្តិ​ខ្លះៗ នៃ​ព្រះរាជ​ពិធីបុណ្យ ច្រត់ព្រះនង្គ័ល​៖

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែល​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែ​ពិសាខ គឺជា​ព្រះ​រាជពិធី​មួយ សំខាន់បំផុត បន្ទាប់ពី​ព្រះរាជា​អភិសេក ហើយក៏​ជា​ព្រះរាជ​ពិធី​មួយ ស្ថិតក្នុង​ចំណោម​ព្រះ​រាជពិធី​ផ្សេងៗ​ឯទៀត​ប្រចាំឆ្នាំ ដែល​ចាត់​ចូល​ជា​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស​។ នៅ​ប្រទេស​ឥណ្ឌា​បុរាណ និង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ការប្រកប​របរ​កសិក​ម្ម​ជា​មុខរបរ​ចម្បង ដោយ​ពឹងពាក់​ទាំងស្រុង​លើ​ស្រូវ​អង្ករ និង​ភោគផល ដំណាំ​ដទៃៗ​ទៀត (​បច្ចុប្បន្ន ប្រជានុរាស្ត្រ​ខ្មែរ ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​ពី ៨៣ ទៅ ៨៥%)​។​

​តាមពិតទៅ ការបង្កើត​ផលិតផល​ស្រូវ​អង្ករ ឬក៏​ផលដំណាំ​ផ្សេងៗ ដូចជា​ពោត សណ្តែក ល្ង ដោយ​ព្រះរាជា​តាមរយៈ​ព្រះ​រាជពិធី​ខាងលើនេះ បណ្តាលមកពី​កត្តា​ចម្បង​មួយ គឺ​លក្ខណៈ​ស័ក្តិសិទ្ធិ​របស់​តួអង្គ «​ស្តេច​» ក្នុង​ក្រសែភ្នែក​របស់​ប្រជានុរាស្ត្រ​។ មានន័យថា ផលដំណាំ​ពុំមែន ស្ថិតនៅ​ត្រឹមតែ​ការដាំដុះ បច្ចេកទេស ឬ​សេដ្ឋកិច្ច​នោះទេ ពោលគឺ​ប្រាកដជា​បណ្តាលមកពី​ពិធី​កម្ម​នេះឯង​។​

​តាម​ទម្លាប់​ពិធី​នេះ​ធ្វើឡើង​ក្នុងការ​ផ្សង មើល​ប្រ​ថ្នូ​ល​របស់​ស្រុកទេស ទៅតាម​ការ ស៊ីផឹក របស់ “ គោ​ឧសភរាជ ”​។ គោ​១​នឹម ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ គេ​ហៅថា «​គោ​ឧសភរាជ​» ក៏មាន​កំណត់​ក្នុង​លក្ខណៈ​តាមបែប​និយម​បច្ចុប្បន្ន គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬ ប្រក់​នាគ គឺ​រាង​ខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច ។ គោ​២ នឹម​ទៀត ដែល​សម្រាប់ ហែ​មុខ​ហែរ​ក្រោយ​ឃើញថា មិនទាន់​កំណត់​លក្ខណៈ តែ​តាម​ដែល​ធ្លាប់ប្រើ​មក ហើយ​ឃើញ​ច្រើនតែ​សម្បុរ​ក្រហម ។ ឯ «​គោ​ឧសភរាជ​» នោះ​វេលា​ទឹម​ច្រត់ព្រះនង្គ័ល គេ​ប្រដាប់​ដោយ​គ្រឿង​គឺ​ពាក់​ស្រោម​មុខ​ស្រោមស្នែង និង​ពាក់​សំពត់​កម្រាល សម្បុរ​ក្រហម​លើ​ខ្នង​ផង​។ ឯ​ព្រះ​នង្គ័ល​ទាំង​៣​នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ​ឯ​ចន្ទោល​ព្រះ​នង្គ័ល សម្រាប់​អ្នកតំណាង​ព្រះអង្គ​នោះ​មាន​លក្ខណៈពិសេស​គឺ​ធ្វើជា​រូប​នាគ លាបថ្នាំ​ពណ៌​លឿង​បែប យ៉ាង​ពណ៌​មាស ។ នៅត្រង់​ក​នាគ​មាន​ភូ​ធ្វើ​ពី រោមសត្វ​សម្បុរ បែប​ភូ​ទួន​។​

​ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ​គឺ ព្រាហ្មណ៍​ព្រះរាជ​គ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង ដែល​ភ្នាក់ងារ​រៀប​ដាក់​តុ​ប្រាក់​ធំៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់សណ្ដែក​១​តុ គ្រាប់ពោត​១​តុ គ្រាប់ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ ។ សូត្រ​ចប់​ព្រាហ្មណ៍​ព្រះរាជ​គ្រូ យក​ទឹក មន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំងពីរ ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោ​ឧសភរាជ​ទាំងពីរ​ទៅឱ្យ​ស៊ីផឹក របស់​ទាំង​៧​យ៉ាង គឺ​ដឹក​ទៅជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូល​ចិ​ត្ដ​ស៊ីផឹក​អ្វី ក៏​ស៊ីផឹក​ទៅ​គេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក​ចំពោះ​អាហារ​ណា​នីមួយៗ​ទេ កាល​ព្រះ​គោ​ស៊ីផឹក​អ្វីមួយ​យ៉ាង ឬ​ពីរ​យ៉ាង​ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល​ទៅខាង​មុខ​តាម​នោះ​ប្រកាស​ផ្សាយ​។​

​ខាងក្រោម​នេះ​ជា​ព្រះ​បរម​ឆាយា​លក្ខណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ស្តេច​សព្វព្រះរាជហឫទ័យ​យាង​ច្រត់ព្រះនង្គ័ល​ដោយផ្ទាល់​ព្រះអង្គ កាលពី​អតីតកាល​៕​


អត្ថបទដែលជាប់ទាក់ទង