ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករខ្មែរ៦៨នាក់ចាញ់បោកមេខ្យល់បោះបង់ចោលដេកអត់បាយទឹកនៅក្នុងព្រៃ ទាហានថៃល្បាតប្រទះជួយសង្គ្រោះទាន់ពេល

161

បន្ទាយមានជ័យ ៖ ក្នុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ពលករខ្មែរដែលនៅប្រទេសថៃ ជាច្រើននាក់មានបំណងចង់វិលត្រឡប់មកស្រុកកំណើតវិញ ព្រោះតែអត់ការងារធ្វើ ។

ចំណែកពលករខ្មែរដែលនៅស្រុកខ្មែរចង់ទៅធ្វើការនៅស្រុកថៃ ទាំងរដ្ឋាភិបាលថៃកំពុងតែប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នេះ។ព្រោះតែមិនមើលព័ត៌មានឲ្យបានជាក់លាក់ ពលករខ្មែរប្រុស ស្រី ចាស់ ក្មេងចំនួន៦៨នាក់ ត្រូវបានមេខ្យល់យកទៅបោះបង់ចោល ក្នុងព្រៃមួយកន្លែងក្នុងទឹកដីថៃស្ថិតក្នុងភូមិសាស្ត្រ ភូមិណងព្រឺ ស្រុកអរញ្ញ ខេត្តស្រះកែវ ទល់មុខនឹងភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានទាហានថៃប្រទះ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ។

សមត្ថកិច្ចថៃបានឲ្យដឹងថាដោយសារជម្ងឺ កូវីត.១៩ រាតត្បាតពេញពិភពលោកពិសេសប្រទេសថៃ ធ្វើឲ្យជនជាតិថៃ កើតជម្ងឺនេះមានស្លាប់ មានឆ្លងជាច្រើននាក់ រាជរដ្ឋាភិបាលថៃបានប្រកាសគ្រាមានអាសន្ន រោងចក្រត្រូវបិទទាំងស្រុង ពលករខ្មែរបង្ខំចិត្តចាកចេញពីស្រុកថៃស្ទើរអស់ រហូតមកដល់សព្វថ្ងៃនេះប្រទេសថៃមិនទាន់ដំណើរការដូចមុននោះឡើយព្រោះសំអាងថាជម្ងឺកូវីដ.១៩ មិនទាន់បានធូរស្បើយ ប្រជាជនថៃមានការប្រុងប្រយ័ត្នទាំងអស់គ្នា។

សមត្ថកិច្ចថៃបានបញ្ជាក់ទៀតថា ៖ អ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។ជាក់ស្តែងនៅព្រឹកថ្ងៃទី៩នេះ ទាហានឈុតខ្មៅបានប្រទះឃើញប្រជាពលរដ្ឋខ្មែរមានប្រុស ស្រី និងក្មេងចង់ទៅធ្វើការនៅស្រុកថៃនេះដោយសារតែការចាញ់បោកមេខ្យល់ត្រូវដេកដាច់បាយក្រហាយទឹកពេញព្រៃក្នុងនោះមាន ចំនួន ៦៨នាក់ ប្រុស ៣៧នាក់ ស្ត្រី ចំនួន២៥នាក់ក្មេង៦នាក់ ត្រូវបានកងទ័ពឈុតខ្មៅថៃ ឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចភូមិសាស្ត្រ ភូមិណងព្រឺ ប្រទះឃើញឲ្យបាយទឹកហូប។

លោកនាយមេប៉ុស្តិ៍ ទាហ៊ានឈុតខ្មៅថៃ ឈ្មោះ ភូងកង ប៊ិន បានឲ្យដឹងថា ៖ ក្រុមទាហានរបស់លោកបានឃាត់ទុកពលករខ្មែរខុសច្បាប់ បាញ់បោកមេខ្យល់នោះ យកមកប៉ុស្តិ៍ដោយចេញថវិកាផ្ទាល់ខ្លួន ទិញអាហារឲ្យពលករទាំងនោះហូបចុក ហើយនិងបញ្ជូនមកតាមច្រកអូរបីជាន់ធ្វើការទំនាក់ទំនងឲ្យសមត្ថកិច្ចខ្មែរមកទទួលយកវិញ។

ជាមួយគ្នានោះដែរ លោកបានស្នើឲ្យខាងកម្ពុជាជួយទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ផង ណាមួយសព្វថ្ងៃនេះ វីរុសកូវីដ.១៩ កំពុងតែរាតត្បាតផង ម៉្យាងវិញទៀត ជៀសវៀងពលករទាំងនោះចាញ់បោកមេខ្យល់ផង ។បើតាមការសាកសួរពលករទាំងអស់នោះនិយាយថា មេខ្យល់វាបានយកលុយពីពួកគាត់ម្នាក់ៗ ២.៥០០បាត ហើយមិនបានជូនដល់គោលដៅទៀត ចំពោះពលករទាំងនោះ ត្រូវបានមេខ្យល់លួចនាំចូលតាមកន្លែងផ្សេងៗពីគ្នា៕ ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង