ឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លាទម្ងន់ជាង ១គីឡូក្រាម
បាត់ដំបង៖ នគរបាលក្រុងបាត់ដំបង បន្តបង្រ្កាបករណីគ្រឿងញៀន នៅមូលដ្ឋានជាបន្តបន្ទាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១៥ថង់ ទម្ងន់ជាង ១គីឡូក្រាម។
សូមបញ្ជាក់ថា កាលពីថ្ងៃ អាទិត្យ ទី១០ខែ ឧសភា ឆ្នាំ២០២០វេលាម៉ោង១៥និង៤៥នាទី អនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមមតិណែនាំជំនាញ របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង ដឹកនាំកម្លាំងផ្នែកជំនាញ របស់អធិការដ្ឋាន កម្លាំងអន្តរាគមន៍រួមជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តគរ ចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងករណីនេះ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន១នាក់គឺ៖ ឈ្មោះ លី អ៊ីសា ហៅ ពាង ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅបណ្តោះអាសន្ន ក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១៥ថង់ (ធំ១១ថង់ តូច០៤ថង់) ទម្ងន់ ១.០៣៤,២០ក្រាម ទាំងសម្បក សង័្សយជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE
ម្សៅពណ៌ស សង័្សយជាសារធាតុញៀន ប្រភេទកេតាមីនចំនួន ០១កូនថង់ សារធាតុរាវចំនួន៣កូនដប សង្ស័យជាសារធាតុញៀន
កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន១ ទូរស័ព្ទដៃចំនួន១គ្រឿង កូនកាបូបសម្រាប់ដាក់ប្រាក់ពណ៌ទឹកប៊ិចចំនួន១ ប្រាក់រៀលចំនួន៣០ម៉ឺនរៀល ម៉ូតូចំនួន១គ្រឿង ម៉ាកអ៊ិចសេចទ័រ ពណ៌សលាយខ្មៅ គ្មានផ្លាកលេខ លេខតួ និងលេខម៉ាស៊ីន៥៨៨៨១១។
ក្រោយពេលសាកសួរ ស្រាវជ្រាវ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នគរបាលក្រុងបាត់ដំបង បានកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់៕