ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន និង​បន្ត​ការយកចិត្តទុកដាក់​ប្រកបដោយ​ការទទួលខុសត្រូវ​និង​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះស្ថានភាពជំងឺ COVID-19 នៅក្នុង​ប្រទេស​កម្ពុជា

129

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានធ្វើ​សន្និសីទ​សារព័ត៌មាន ស្ដីពី​បច្ចុប្បន្នភាព​ជំងឺ COVID-19 នៅក្នុង​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ នា​បរិវេណ​ទីស្តីការក្រសួង ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែលជា​ប្រធាន​សន្និសីទ​នេះ បាន​ក្រើន​រំលឹកថា យើងទាំងអស់គ្នា ត្រូវតែ​បន្ត​រក្សា​កុំ​ឲ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន និង​បន្ត​ការយកចិត្តទុកដាក់​ប្រកបដោយ​ការទទួលខុសត្រូវ​និង​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។

​ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ដល់​ពលរដ្ឋ​ទាំងអស់ មិនត្រូវ​ភ្លេចខ្លួន​ចំពោះ​លទ្ធផល​ដែល​អាច​កើតមានឡើង​នូវ​រលក ទី​២ នៃ​ការចម្លង​វីរុស​កូ​វីដ​១៩ នេះ​ឲ្យ​សោះ ដោយ​ត្រូវ ខិតខំ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន គ្រប់បែបយ៉ាង​ទាំងអស់ តាម​ការណែនាំ​នានា ដែល​បាន​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល និង​ដោយ​ក្រសួងសុខាភិបាល​។ លើសពីនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ផ្លាស់ប្តូរ​ឥរិយាបថ និង​ទម្លាប់​របស់ខ្លួន យើង​ត្រូវខិតខំ​ប្រឹងប្រែង​រៀបចំ​ការរស់នៅ គន្លង​ថ្មី​នៃ​ជីវភាព​ធម្មតា​របស់ខ្លួន ដោយ​មិន​ភ្លេច​ការធ្វើ​អនាម័យ​ដៃ​ស្អាត ប្រើប្រាស់​ម៉ាស (​ក្នុងករណី​ចាំបាច់​) ឬ​ក្រមា ឬ​កន្សែងដៃ​ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក កណ្តាស់ បរិភោគ​ចំណីអាហារ​ឆ្អិន​ល្អ ចៀសវាង​នៅ​កន្លែង​ប្រមូលផ្តុំ​ច្រើន​គ្នា រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល នៅតាម​កន្លែង​ប្រមូលផ្តុំ និង​នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ឬ​ហាង​នានា ហើយ​ប្រសិនបើ​មាន​ករណី​សង្ស័យ ត្រូវ​រាយការណ៍​ទៅ​លេខ​១១៥ ជាបន្ទាន់​។​

​បើតាម​ឯកឧត្តម​សាស្ត្រាចារ្យ បាន​បញ្ជាក់ថា ចំ​នួ​សរុប​វត្ថុ​សំណាក​ដែល​បានធ្វើ​វិភាគ ទាំងអស់​មាន​ចំនួន ១៤.០៩៤​សំណាក់​សម្រាប់​ទូទាំងប្រទេស (​គិត​ចាប់តាំងពី​ខែមករា ឆ្នាំ​២០២០ មកដល់​ថ្ងៃទី​១០​ខែឧសភា ឆ្នាំ​២០២០) ដែល​ក្នុងចំណោម​ប្រជាជន​មួយ​លាន​នាក់ កម្ពុជា​បានធ្វើ​វិភាគ​បាន​ចំនួន ៨៦៧ សំណាក ដែលជា​ចំនួន​ច្រើនជាង​បណ្តាល​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​យើង​នេះ​។​

​ពាក់ព័ន្ធ​នឹង​វិធានការ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ចូលមក​កម្ពុជា ត្រូវ​ឯកឧត្តម ម៉ម ប៊ុនហេង បាន​លើកឡើងថា តាម​ស្ថានភាព​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩ កន្លងមកនេះ ភាគច្រើន​នៃ​ករណី​ដែល​បាន​រកឃើញថា​មាន​វីរុស​នេះ សុទ្ធតែជា​ករណី​ដែល​នាំចូល​មកពី​ក្រៅប្រទេស ដែល​យើង​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​លើ​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ មកពី​ប្រទេស​ដែលមាន​ការឆ្លង​ច្រើន ដូចជា ប្រទេស​អាមេរិក អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អ៊ីរ៉ង់ ហើយ​ការ​រឹតបន្តឹង​នេះ បាន​ពន្យារ​សុពលភាព​រហូតដល់​ស្ថានភាព​នាំ​ការឆ្លង​វីរុស​នេះ មានការ​ធូរស្រាល​ដោយមាន​ការវាយតម្លៃ​រួមគ្នា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃនេះ ឲ្យ​បាន​ខ្ជាប់​ខ្លួន ដើម្បី​ចូលរួមចំណែក​ការពារ​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​១៩ មក​ក្នុងប្រទេស​កម្ពុជា និង​សូម​អាជ្ញាធរ​ពាក់ព័ន្ធ សហការ​បន្ត​អនុវត្ត​ការតាមដាន​អ្នកដំណើរ​ចូលមកក្នុង​ប្រទេស និង​អនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា សូម​ធ្វើការ​កត់សម្គាល់ថា មកដល់ពេលនេះ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅលើ​ពិភពលោក នៅតែមាន​ការកើនឡើង និង​នៅតែមាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ថ្មី បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​១៩ បាន​កើនឡើង​រហូតដល់ ៣.៨៥៥.៧៨៨​នាក់ បើ​ធៀប​ទៅនឹង​សប្តាហ៍​មុន​ដែលមាន​៣.២៦៧.១៨៤​នាក់ នោះ គឺមាន​ការ​កើន​ចំនួន​ដល់ ៥៨៨.៦០៤​នាក់ និង​មាន​អ្នកស្លាប់​ចំនួន ២៦៥.៨៦២​នាក់ ដែល​ក្នុង​សប្តាហ៍​មុន​មាន​ចំនួន ២២៩.៩៧១​នាក់ គឺ​កើន​ចំនួន​អ្នកស្លាប់​ដល់​ទៅ​៣៥.៨៩១​នាក់ គ្រាន់​តែមួយ​សប្តាហ៍​កន្ល​ង​ទៅ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក ចេញផ្សាយ​នៅ​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​។ នេះ​បាន​បញ្ជាក់ថា ការចម្លង​វីរុស​កូ​វីដ​១៩​នេះ នៅតែ​សកម្ម​ខ្លាំងក្លា​នៅឡើយ ដែល​យើងទាំងអស់គ្នា​ត្រូវ​យល់ថា យើង​កំពុងតែបន្ត​ធ្វើសង្គ្រាម​ជាមួយ​សត្រូវ​កូ​វីដ​១៩​នេះ​មិនទាន់​ចប់​នៅឡើយ​ទេ​។ សម្រាប់​ប្រទេស​កម្ពុជា ត្រូវ​រយៈពេល​ជិត​មួយខែ​កន្លងមកនេះ មិនមាន​រកឃើញ​អ្នក​ឆ្លង​រី​វុ​ស​កូ​វីដ​១៩ ហើយ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏បាន​កើន​ដល់​ជិត​១០០​ភាគរយ និង​មិនមាន​ស្លាប់​នោះឡើយ​។ លទ្ធផល​ល្អប្រសើរ​នេះ​ជាការ​បង្ហាញថា អន្តរាគមន៍​បុរស​សកម្ម និង​បទបញ្ជា​នានា ត្រូវបាន​អនុវត្តបាន​ទាន់ពេលវេលា ដែល​អាច​ឲ្យ​ទប់ស្កាត់បាន​នូវ​ការចម្លង​ចូលក្នុង​សហគមន៍ ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​សុខភាព ប្រជាពលរដ្ឋ​កម្ពុជា ព្រមទាំង​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង