ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូម​ប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា

66

 

ភ្នំពេញ ៖ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែលនឹងអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់ វាលទំនាប ក្នុងនោះ មានជាអាទិ៍៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា។

ក្រសួង​ធនធានទឹក និង​ឧតុនិយម ​នៅ​ថ្ងៃ​ទី​១១ ខែឧសភា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ដែល​អាច​កើត​មាន​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ ។

ក្រសួងធនធានទឹក បានឲ្យដឹងថា តាមរយៈការតាមដាន ស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលង នៃសម្ពាធទាបបង្កើនឥទ្ធិពល មកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា។ នៅថ្ងៃទី១៥ ខែឧសភា របបខ្យល់មូសុងនិរតីបក់មកលើកម្ពុជា ជាមួយនឹងការចាប់ផ្តើមមកដល់នូវរដូវវស្សា។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩ អង្សាសេ។ បណ្តាខេត្តនៅផ្នែកពាយ័ព្យ នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ។ ឯផ្នែកដទៃទៀត អាចមានភ្លៀងពីខ្សោយទៅមធ្យម។ ចាប់ពីថៃ្ងទី១៥-១៩ ខែឧសភា ភ្លៀងនិងបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៨ អង្សាសេ។ បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក អាចមានភ្លៀងពីខ្សោយទៅបង្គួរ។ ចាប់ពីថៃ្ងទី១៥-១៩ ខែឧសភា ភ្លៀងនិងបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតខ្សោយទៅបង្គួរ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ៕

អត្ថបទដែលជាប់ទាក់ទង