អគ្គស្នងការនគបាលជាតិ បានដាក់បទបញ្ជាមិនឲ្យនគរបាលចរាចរផ្លូវគោក ឃាត់អ្នក បើកបរយានយន្ដគ្រប់ប្រភេទ ដើម្បីត្រួតពិ និត្យឯកសារផ្សេងៗនោះឡើយ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន ដាក់បទបញ្ជាយ៉ាងដាច់ណាត់ មិនឲ្យមន្ដ្រី នគរបាលចរាចរណ៍ ហៅ ឬ ឃាត់អ្នកបើកបរយានយន្ដគ្រប់ប្រភេទ ដើម្បីត្រួតពិ និត្យឯកសារផ្សេងៗនោះឡើយ លើកលែងតែមាន អំពើល្មើសជាក់ស្ដែង ដែលមានកំណត់នៅក្នុងអនុក្រឹត្យថ្មីតែប៉ុណ្ណោះ។
នេះបើតាមការបញ្ជាក់ពី នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជក់ក្រោយបញ្ចប់កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពី អគ្គស្នងការរង ស្នងការរាជធានី-ខេត្ត,ស្នងការរងទទួលការងារចរាចរណ៍។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ថា៖ ករណីនេះត្រូវបានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិយ៉ាងច្បាស់ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេច ក្រឡា ហោម ស ខេង គឺយានយន្ដទាំងអស់ដែលត្រូវត្រួត ពិនិត្យ គឺជាយានយន្ដដែលប្រព្រឹត្តល្មើសហើយ យើងមិនអនុញ្ញាតឲ្យឃាត់ដាច់ខាត ប្រសិនបើមិនរកឃើញមានបទល្មើសជាក់ស្ដែងណាមួយ ។
ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានគូសបញ្ជាក់ថា ប្រសិនបើនៅពេលមានអំពើល្មើសណាមួយ ហើយត្រូវសមត្ថកិច្ចឃាត់នោះ គឺសមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យឯកសារផ្សេងៗ ដែលច្បាប់តម្រូវឲ្យមាន។ ប្រសិនបើអ្នកបើកបរខ្វះកន្លែងណាមួយ ដែលកំណត់ឲ្យផាកពិន័យ នោះមន្ដ្រីនគរបាលចរាចរណ៍ នឹងបូកអំពើល្មើសចូលគ្នាហើយពិន័យទាំងអស់តែម្ដង។
បើតាមនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវទិសដៅចំនួន៨ចំណុច ដែលជាទិស ដៅសម្រាប់ការអនុវត្តបន្ដ រួមមានទាំងការងារដឹកនាំបញ្ជា, វិធានការល្បាត និងវិធានត្រួតពិនិត្យជាក់ស្ដែងទាំងពេលថ្ងៃ ពេលយប់ ដែលការងារនេះ ត្រូវធ្វើយ៉ាងម៉ឹងម៉ាត់ និងមានភាពទទួលខុសត្រូវ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានអះអាងទៀតថា ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកនេះ គឺត្រូវតែបង្កើនឲ្យខ្លាំងខ្លាបន្ថែមទៀត រហូតទាល់តែសម្រេចឲ្យ បាននូវការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឲ្យមានការគោរពច្បាប់កាន់តែផុលផុស ហើយធានារបៀបរៀបរយ និងសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស។
សូមបញ្ជាក់ថា៖ ក្រោយដាក់ចេញវិធានការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៤៣/ ៩៥លើក ថយ៥២លើក ស្មើ៥៤% ស្លាប់ ២៤/៤០នាក់ ថយ១៦នាក់ ស្មើ៤០% របួស ៥៦/១១៥ នាក់ ថយ ៥៩នាក់ ស្មើ ៥១.៣០% ប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩។
ចំណុចកត់សម្គាល់នោះ គឺអ្នកប្រើប្រាស់ផ្លូវច្រើន លើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែល បានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្ត ដល់កងកម្លាំងអនុវត្តន៍ច្បាប់ មានស្មារតីបន្តអនុវត្តន៍ភារកិច្ច កាន់តែសកម្មខ្លាំងក្លាជាងមុន៕. សំរិត