ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សម្តេចយាងមកដល់មាតុភូមិវិញហើយ
ភ្នំពេញ៖ នាវេលារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងមាតុភូមិនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះរាជទីនាំងយន្តហោះពិសេស ពីសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីស្តេចយាងគង់ប្រថាប់ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ក្នុងរដ្ឋធានីប៉េកាំង នារយៈពេលជាង ១ខែកន្លងទៅ ។
ក្នុងឱកាសដ៏វិសេសវិសាលនោះមានការយាង និងអញ្ជើញថ្វាយព្រះរាជបដិសណ្ឋារកិច្ចពីសំណាក់ព្រះរាជវង្សានុវង្ស ឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបផងដែរ៕