នៅថ្ងៃនេះ មានអ្នកជំងឺកូវីដ ១ករណី បានជាសះស្បើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសថា រហូតដល់ព្រឹកថ្ងៃទី១២ខែឧសភានេះ អ្នកជាសះស្បើយពីមេរោគកូវីដ១៩ ចំនួន១នាក់ទៀតហើយ ដែលបានជាសះស្បើយ កើនឡើងដល់១២១នាក់ ក្នុងចំណោមអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន១២២នាក់ ខណៈនៅសល់តែ១នាក់ទៀត បន្តសម្រាកព្យាបាលនោះ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា រហូតដល់ម៉ោង ៨ព្រឹក ថ្ងៃទី ១២ ឧសភា ២០២០ យើងពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩ សរុបចំនួន១២២ករណីដដែល និង មានករណីជាសះស្បើយមួយករណីថ្មី ដូច្នេះករណីជាសះស្បើយសរុបមានចំនួន១២១នាក់ ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សម្រាកព្យាបាលនៅពេទ្យចំនួនតែ ១នាក់ប៉ុណ្ណោះ ។ ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន 14156 ស្មើនឹង 876 ក្នុង១លាននាក់៕