ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការ​រៀបចំ​ផែនការមេ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី គាំទ្រ​រាជរដ្ឋាភិបាល​ចំពោះ​គម្រោង​សាងសង់​ព្រលានយន្តហោះ ដែលជា​តម្រូវការ​ដ៏​សំខាន់​

101

 

(​មណ្ឌលគិរី​)៖ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ អង្គប្រជុំ​បានលើកឡើង​ថា ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តមណ្ឌលគិរី ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​វិស័យ​ពាក់ព័ន្ធ និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្នែក​ដឹកជញ្ជូន ពិសេស​គឺ​ការបង្កើត​ព្រលានយន្តហោះ​ថ្មី ដែលមាន​តួនាទី​សំខាន់​ក្នុងការ​បម្រើការ​ដឹកជញ្ជូន​ទេសចរ អ្នកដំណើរ ទំនិញ​ផ្សេងៗ ដូចជា​បន្លែ ផ្កា ផ្លែឈើ​ទៅកាន់​គោលដៅ​នានា​ក្នុងប្រទេស​។​
​កិច្ចប្រជុំ​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ខាងលើនេះ មានការ​ចូលរួម​ពី ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មការ​អន្តរក្រសួង ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត អនុប្រធាន​គណៈកម្មកា​រ​អន្តរក្រសួង ព្រមទាំង​ឯកឧត្ដម​អនុប្រធាន និង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិក​គណៈកម្មការ​អន្តរក្រសួង មន្ត្រីរាជការ​នៃ​ក្រសួងទេសចរណ៍ និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ទៀតផង​ដែរ​។​
​រាជរដ្ឋាភិបាល​បានកំណត់​រួចមកហើយ​ថា ខេត្តមណ្ឌលគិរី និង​ភូមិភាគ​ឦសាន​ទាំងមូល គឺជា​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ធំ​របស់​កម្ពុជា ដែល​ត្រូវមាន​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។​
​គណៈកម្មការ​អន្តរក្រសួង បានបង្ហាញ​ការគាំទ្រ ចំពោះ​ការងារ​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្តមណ្ឌលគិរី​នេះ ដោយ​កំណត់ថា វិស័យ​ទេសចរណ៍ ពិសេស​វិស័យ​អេកូ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត បន្ទាប់មក គឺ​វិស័យ​កសិកម្ម ដែលមាន​សក្ដានុពល​ខ្លាំង​បំផុត ដូចជា​ការដាំដុះ​បន្លែ​សេរី​រា​ង្គ​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ពិសា ផ្កា​ល្អៗ ផ្លែឈើ កាហ្វេ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ខេត្ត និង​ទូទាំងប្រទេស​។​
​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា វិស័យ​ទេសចរណ៍​ជា​វិស័យ​អន្តរ​វិស័យ ដែល​ត្រូវមាន​ការគាំទ្រ​ពី​វិស័យ​ពាក់ព័ន្ធ ដូចជា បរិស្ថាន កសិកម្ម វប្បធម៌ ប្រព័ន្ធ​ទឹកស្អាត អគ្គិសនី គមនាគមន៍ ការសម្រួល​ឱ្យមាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង​វិស័យ​ជាច្រើន​ទៀត ពិសេស​គឺ​ការ រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី របស់​ខេត្ត​ទាំងមូល ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​ព្រលានយន្តហោះ ដែល​គណៈកម្មការ​អន្តរក្រសួង សូម​គាំទ្រ​ទាំងស្រុង​ចំពោះ រាជរដ្ឋាភិបាល​ដែល​បានរៀបចំ​គម្រោង​កសាង​ព្រលានយន្តហោះ​មួយ​នៅ​ខេត្តមណ្ឌលគិរី សម្រាប់​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​ពី​តំបន់​ទេសចរណ៍​ធំៗ ដូចជា រាជធានី​ភ្នំពេញ សៀមរាប​-​អង្គរ តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ភូមិភាគ​និរតី តំបន់​ទេសចរណ៍​នៅ​ភាគ​ពាយព្យ មាន​ខេត្តបាត់ដំបង​ជាដើម​។​
​លោក ថោង ខុន បាន​បន្ថែមថា ទៅ​ថ្ងៃ​អនាគត​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី​នេះ អាច​នឹងត្រូវ​ប្រើប្រាស់​ជា​ព្រលានយន្តហោះ​ក្នុង​តំបន់ (Regional airport) ត​ភ្ជាប់​ខេត្តមណ្ឌលគិរី ទៅ​គោលដៅ​ទេសចរណ៍​ជិតខាង ដូចជា ប្រទេស​ថៃ វៀតណាម និង​ឡាវ ព្រមជាមួយ​ទីក្រុង​សំខាន់ៗ​ផ្សេងទៀត​របស់​អាស៊ាន និង​ហួស​ទៅដល់​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​ចិន​ផងដែរ​។​
​ឯកឧត្ដម​អភិបាលខេត្ត ស្វាយ សំ​អ៊ាង បានលើកឡើង​ពី​សក្ដានុពល​ទេសចរណ៍ និង​តំបន់​ទេសភាព​ទាក់ទាញ​ប្រមាណ​៣៩ កន្លែង ក្នុងនោះ​មាន​ទាំង​តំបន់​ទឹកជ្រោះ និង​ទឹកធ្លាក់​ធម្មជាតិ តំបន់​វប្បធម៌​ជនជាតិដើម​ភាគតិច ទេសភាព​សមុទ្រ​ឈើ ដែនជម្រកសត្វព្រៃ តំបន់ការពារធម្មជាតិ រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ ជ្រលង​ដងអូរ និង​ភ្នំ​ធម្មជាតិ ចម្ការ​ដំណាំ​ចម្រុះ​ពូជ​ដែល​អំណោយផល​ដល់​វិស័យ​ក​សិ​ទេសចរណ៍ និង​បម្រើ​ដល់​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​។ ម្យ៉ាងទៀត ទេសភាព​តាម​ដងផ្លូវ​នៅក្នុង​ខេត្ត​ក៏​ផ្ដល់នូវ​ភាពស្រស់​ត្រកាល គួប​នឹង​អាកាសធាតុ​អំណោយផល​ដល់​ការ​ទស្សនា និង​ស្នាក់នៅ​សម្រាប់​ភ្ញៀវទេសចរ​ផងដែរ​។​
​ឯកឧត្ដម​អភិបាលខេត្ត​បាន​បន្តថា ការកសាង​ផ្លូវ​ទៅ​ច្រកទ្វារព្រំដែន ជា​ចំណុច​ចាំបាច់​សម្រាប់​ត​ភ្ជាប់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ និង​សម្រួល​ដល់​ការដឹកជញ្ជូន​កសិផល ទំនិញ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​ប្រទេសជិតខាង ពិសេស​គឺ​ប្រទេស​វៀតណាម​។​
​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ការ​ជឿជាក់ថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី​នេះ ត្រូវតែ​ជា​ផែនការ​ដែលមាន​លក្ខណៈ​សមាហរណកម្ម​ជាមួយ​វិស័យ​ផ្សេងៗ (Intergrated Master Plan) ពិសេស​ប្លង់គោល​ប្រើប្រាស់​ដីធ្លី (​ដែល​ក្រសួង​រៀបចំ​ដែនដី​កំពុង​រៀបចំ​) ដើម្បី​សម្រេច​ចក្ខុវិស័យ​ធ្វើឱ្យ​ខេត្តមណ្ឌលគិរី និង​តំបន់​ភូមិភាគ​ឦ​សាន្ត​ទាំងមូល ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​និរន្តរភាព ពិសេស​គឺជា​គោលដៅ​អេកូ​ទេសចរណ៍​ចម្បង​របស់​ប្រទេសជាតិ​។​
​ឯកឧត្ដម ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំពោះ​សេចក្ដីព្រាង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី អាច​នឹងត្រូវ​បញ្ចប់​នៅ​ដំណាច​ខែសីហា ឆ្នាំ​២០២០​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង