ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សារាជធានី ស្នើឲ្យអាជ្ញាធររាជ ធានីភ្នំពេញមានវិធានការឲ្យបានខ្លាំងក្លាបន្ថែមទៀត លើការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ

149

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញមានវិធានការឲ្យបានខ្លាំងក្លាបន្ថែមទៀត លើការទប់ស្កាត់ក៏ដូចជាការបង្ក្រាបទៅលើបទល្មើសព្រហ្មទណ្ឌ ខណៈដែរ នៅក្នុងខែមេសាកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌមិនមានការថយចុះនោះទេ

  ការស្នើឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១២ខែមេសាឆ្នាំ ២០២០ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងវិធានការបង្ក្រាបដូចជាការទប់ស្កាត់នូវបទល្មើសព្រហ្មទណ្ឌក៏ ដូចជាបទល្មើសផ្សេងៗទៀត អាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ ក្នុងការបង្ក្រាប ដើម្បីរក្សា សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសលើការបម្រើល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ លោកអភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា បទល្មើសផ្សេងៗកន្លងមកនេះមានការថយចុះច្រើន ខណៈដែរ ក្លឹបកម្សាន្ត ក៏ដូចជាកន្លែងសប្បាយភាពនានា ត្រូវបានបិទដោយសារការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩។

  ពាក់ព័ន្ធនឹងការស្នើឡើង របស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យមជ្ឈមណ្ឌលឯកជនសម្រាប់កែប្រែជនរងគ្រោះដោយគ្រឿងញៀន ក្រោយពីមានព័ត៌មានលេចលឺថា មជ្ឈមណ្ឌលឯកជនទាំងនោះ តម្រូវឲ្យមានការបង់ថ្លៃច្រើនដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់អាណាព្យាបាលជនរងគ្រោះនោះ លោកឃួងស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឯកជនសម្រាប់ការកែប្រែជនរងគ្រោះដោយគ្រឿងញៀន ហើយខាងមជ្ឈមណ្ឌលយកតម្លៃខ្ពស់នោះគឺជាតម្លៃដែលអាណាព្យាបាលនិងមជ្ឈមណ្ឌលឯកជនទាំងនោះ និយាយត្រូវគ្នាទៅនឹងការកំណត់តម្លៃទាំងនោះហើយ  មានន័យថា មុននឹងយកជនរងគ្រោះទៅដាក់នៅមជ្ឈមណ្ឌលឯកជនទាំងនោះ គឺអាណាព្យាបាលបានឯកភាពទៅនឹងតម្លៃដែលខាងមជ្ឈមណ្ឌលឯកជននោះដាក់ជូនរួចហើយ។ ដោយឡែកសម្រាប់មជ្ឈមណ្ឌលឱកាសខ្ញុំគឺមិនមានការបង់ថ្លៃសម្រាប់ការកែប្រែជនរងគ្រោះដោយគ្រឿងញៀននោះទេ ហើយមជ្ឈមណ្ឌលអាកាសខ្ញុំក៏ជាកន្លែងកែប្រែមួយ ដែលមានលក្ខណៈស្តង់ដារផងដែរ ដែលអាចឱ្យកូនចៅប្រជាពលរដ្ឋដែលមានបញ្ហាគ្រឿងញៀនទៅបន្សាបនៅទីនោះបាននិងគួរអោយជឿទុកចិត្ត។

   ក្រៅពីបញ្ហាដែលស្នើឡើងខាងលើ ក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានស្នើដល់មន្ទីរជំនាញធ្វើការជួសជុលក្បាលនាគចែកទ្រូងផ្លូវ ពេលដែលមានការបុកឬប៉ះដោយយានយន្ត ដោយកុំទុកចោលយូរពេកនាំឲ្យបង្កគ្រោះថ្នាក់បន្ថែមទៀត។ជាងនេះទៅទៀតបញ្ហាជំងឺកូវីដ១៩ ឃើញថា មកដល់ពេលនេះ ប្រជាពលរដ្ឋមានការប្រមូលផ្ដុំខ្លះឡើងវិញ នៅតាមបណ្ដាលមូលដ្ឋានមួយចំនួន ដូច្នេះស្នើឲ្យអាជ្ញាធរ

មូលដ្ឋានមានវិធានការណែនាំ ពង្រឹងនិងមានការផ្សព្វផ្សាយបន្ថែមទៀត ចំពោះបញ្ហានេះ លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ទោះបីប្រជាពលរដ្ឋឃើញថា មានការប្រមូលផ្ដុំ ដោយហាក់មិនមានការភ័យខ្លាចពីជំងឺកូវីដ១៩ក៏ដោយ តែក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ មិនបានបន្ធូរដៃជុំវិញការបង្ការទប់ស្កាត់ជំងឺកូវីដ១៩នោះទេ ដោយយើងបានធ្វើការផ្សព្វផ្សាយទៅដល់ថ្នាក់មូលដ្ឋាន ដូចជានៅតាមទីផ្សារនានា មិនថាផ្សាររដ្ឋនិងឯកជន ដោយយើងបានផ្សព្វផ្សាយ ពីការធ្វើអនាម័យ គ្រប់ពេលវេលាទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល៕

 

អត្ថបទដែលជាប់ទាក់ទង