ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ដែល​បាញ់​សម្លាប់សត្វ “​កេងកង​ធំ​” បាន​ចូលខ្លួន​មក​សុំទោស​សាធារណជន និង​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​កំហុស​

122

 

​ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​បាន​បាញ់​សម្លាប់សត្វ​កេងកង ដែល​ត្រូវបាន​ផ្សព្វផ្សាយ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចូលខ្លួន​មក​សុំទោស​សាធារណជន និង​បានធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​កំហុស​សម្លាប់​សត្វព្រៃ​ដូច្នេះ​ទៀត ហើយ​ចំពោះមុខ​សមត្ថកិច្ច​នៃ​ក្រសួងបរិស្ថាន នៅ​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។ នេះ​បើតាម​ការ​ថ្លែង​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន ដែល​បានទទួល​ជួប​ផ្ទាល់​បុរស​ឈ្មោះ គ្រុយ ចំរើន ដែល​បាន​សារភាពថា ខ្លួន​ពិតជា​បាន បាញ់សម្លាប់​សត្វ​កេងកង​ធំ​មួយ​ក្បាល​នោះ អំឡុងពេល​ខ្លួន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​អន្លង់​ក្មេង​លេង​ទឹកជ្រោះ ៩ ជាន់ ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​។​

​បុរស​ឈ្មោះ គ្រុយ ចំរើន បាន​សរសេរ​នៅក្នុង​លិខិត​សុំ​អភ័យទោស​ចំពោះ​សាធារណជន​ថា ៖ “​សូម​ទទួលស្គាល់​ការពិត​ដែល​បាញ់​សម្លាប់សត្វ​កេងកង​ចំនួន​មួយ​ក្បាល ស្ថិតនៅក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់ ៩ ជាន់​នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត​។ ខ្ញុំបាទ​សូមទោស​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង អស់ សូម​អភ័យទោស​ដល់​រូបខ្ញុំ​បាទ និង​ឈប់​ប្រព្រឹត្ត​កំហុស​បែបនេះ​ទៀតហើយ​។ សូម​បងប្អូន​ប្រជា ពលរដ្ឋ​កុំ​យក​គំរូ​តាម​រូប​ខ្ញុំបាទ​។ ខ្ញុំ​សូម​សន្យា​នឹង​ប្រគល់​អាវុធ ដែល​បាន​បាញ់​សត្វ​កេងកង​នោះ មក​ក្រសួងបរិស្ថាន​”​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា បុរស​ម្នាក់នេះ​បាន ទទួលស្គាល់​កំហុស​រប​ស់​ខ្លួន និង​ស្នើសុំ​ការសណ្តោសប្រណី ពី​សាធារណជន​ដែល​ខ្លួន បាន​ជ្រុលជ្រួស​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​នេះ​។ ឯកឧត្តម​បាន​ថ្លែងថា​តាមរយៈ​ការទទួល​ទោសកំហុស​នេះ​គឺ​ក្រសួងបរិស្ថាន ទទួលយក និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រព្រឹត្ត​នេះ​ជា​រៀងរហូត​។ ឯកឧត្តម​បាន​ថ្លែងថា នេះ​គឺជា​គំរូ អាក្រក់​មួយ​ដែល​អ្នក​ផ្សេងទៀត​ត្រូវ​ចៀសវាង​។​

​ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​ទស្សនា​កម្សាន្ត នៅតាម​រមណីយដ្ឋាន​ធម្មជាតិ​នានា​សូមកុំ ប្រព្រឹត្ត​បទល្មើស​បរបាញ​សត្វ និង​កុំ​បរិភោគ​សាច់​សាច់​ព្រៃ និង​ត្រូវ​ចូលរួម​ការពារ​អភិរក្ស​សត្វព្រៃ​ឱ្យបាន​គង់វង្ស សម្រាប់​បម្រើ​ដល់​ទេសចរណ៍ធម្មជាតិ និង​ការពារ​ជីវចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​សត្វ​កេងកង​គឺជា ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ហើយ​បច្ចុប្បន្ននេះ គេ​ឃើញ​មាន​វត្តមាន​នៅក្នុង​តំបន់​មួយចំនួន​តូច​ប៉ុណ្ណោះ ដូចជា​នៅ​ភ្នំ​បូកគោ តំបន់​ជួរ​ភ្នំ ក្រវាញ តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ជាដើម​៕

អត្ថបទដែលជាប់ទាក់ទង