ប្រទះឃើញសពបុរសម្នាក់ ក្នុងបុរីពិភពថ្មី៣
ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់តែម្នាក់ឯង នៅក្នុងបុរីពិភពថ្មី៣ ខណៈដែលអ្នករស់នៅក្នុងបុរីនេះ មានការធុំក្លិនជះស្អុយភាយៗ ចេញមកខាងក្រៅ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងបុរីពិភពថ្មី៣ ផ្លូវលេខ៦ ផ្ទះលេខ៦៦ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាកសពបុរសខាងលើមានឈ្មោះ ហេង ប៊ុនផេង អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញកោសល្យវិច័យ របស់ការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សពបុរសខាងលើនេះ អាចស្លាប់រយៈពេល៤សប្តាហ៍មកហើយ ដោយបុរសខាងលើនេះ បានលេបថ្នាំសម្លាប់ខ្លួន ហើយនៅក្បែរសាកសព មានកំប៉ុងថ្នាំពេទ្យចំនួន២កំប៉ុង ដែលបន្សល់ទុកនៅក្បែរកន្លែងកើតហេតុ។
តាមប្រភពពីក្រុមគ្រួសារសាច់ញាតិ របស់សាកសពបុរសខាងលើនេះ បានបង្ហើបឲ្យដឹងថា មូលហេតុដែលរូបគាត់លេបថ្នាំសម្លាប់ខ្លួន បែបនេះ ដោយសារតែមានវិបត្តិផ្លូវចិត្ត។
សពត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕