ករណីចុងក្រោយជាសះស្បើយហើយ ! ជំងឺ COVID-19 មិនមានលើទឹកដីកម្ពុជាទេ គិតត្រឹមថ្ងៃទី១៦ឧសភានេះ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ១៦ ឧសភា ២០២០ យើងពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩ សរុបចំនួន១២២ករណីដដែល និង មានករណីជាសះស្បើយមួយករណីថ្មីទៀត ដូច្នេះករណីជាសះស្បើយសរុបមានចំនួន១២២នាក់ ស្លាប់គ្មាន ។
ប្រភពព័ត៌មានពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបញ្ជាក់ថា ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន 14684 ស្មើនឹង 903 ក្នុង១លាននាក់។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ករណីវិជ្ជមានវីរុសកូវីដ១៩ ទី១២២ បានព្យាបាលជាសះស្បើយ គឺស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្តមសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រេចបញ្ជូនមកសម្រាកព្យាបាល បន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នាថ្ងៃទី៨ខែឧសភាឆ្នាំ២០២០ នោះ បច្ចុប្បន្នត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេសត្ត អវិជ្ជមានវីរុស១៩ ចំនួន២ដង ហើយត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យមិត្តភាពខ្មែរសូវៀត ។ ស្ត្រីរូបនេះ ជាករណីជំងឺកូវីដ១៩ ទី១២២ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានព្យាបាលជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកព្យាបាលបានជាសះស្បើយកើនបាន១០០ភាគរយ ហើយមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះឡើយ។ ដើម្បីជាការលើកទឹកចិត្ត ក្រសួងសុខាភិបាល សូមអបអរសាទរ ដល់ស្ត្រីរូបនេះ ដែលបានព្យាបាលជាសះស្បើយ ហើយក៏សូមសម្តែងនូវក្តីសោមនស្សរីករាយ និងអំណរសាទរជូនពរយ៉ាងកក់ក្តៅ រាក់ទាក់ ចំពោះស្ត្រីដែលជាករណីជំងឺកូវីដ១៩ ទី១២២ផងដែរ។
លោកជំទាវ បានបញ្ជាក់ថា ការចេញផ្សាយសេចក្តីជូនព័ត៌មានប្រចាំថ្ងៃ និងការធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ត្រូវបានផ្អាកធ្វើជាបណ្តោះអាសន្ន ចាប់ពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០តទៅ។ នៅពេលខាងមុខនេះ ប្រសិនបើមានឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ឬការវិវឌ្ឍថ្មីពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ក្រសួងនឹងជម្រាបជូនដំណឹងជូនសាធារណជនទាំងអស់ឲ្យបានជ្រាបជាមិនខានឡើយ។
លោកជំទាវ បានបញ្ចាក់ថា ការផ្អាកជូនព័ត៌មាន និងការផ្អាកធ្វើសន្និសីទសារព័ត៌មាននេះ មិនមែនជាការបង្ហាញពីការចម្លងវីរុសកូវីដ១៩នៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរនោះឡើយ។ ថ្វីត្បិតតែករណីជំងឺកូវីដ១៩ ទី១២២ បានព្យាបាលជាសះស្បើយ និងមិនមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីក៏ពិតមែន តែហានិភ័យនៃការចម្លងវីរុសកូវីដ១៩នេះ នៅតែមានចំពោះមុខយើងទាំងអស់គ្នានៅឡើយ ល្គិកណាសាកលលោក និងប្រទេសជិតខាងក្នុងតំបន់ នៅតែមានកំណើននៃករណីឆ្លងថ្មី ប្រទេសកម្ពុជា នៅតែប្រឈមទៅនឹងហានិភ័យនៃការចម្លងជំងឺកូវីដ១៩។ ដូច្នេះហើយបុគ្គលគ្រប់រូបត្រូវតែបន្តការប្រុងប្រយ័ត្ន និងតាមដានសុខភាពផ្ទាល់ខ្លួន ជាចាំបាច់ ជាពិសេសបងប្អូនដែលចល័ត ឬធ្វើបម្លាស់ទីនៅតាមច្រកចេញចូលអន្តរជាតិ និងច្រករបៀង ឬតាមព្រំដែននានា ដែលត្រូវតែអនុវត្តប្រកាន់ខ្ជាប់នូវវិធានការការពារចាំបាច់ ដើម្បីសុខភាព ផ្ទាល់ខ្លួនមិនមានវីរុសកូវីដ១៩ និងជំងឺឆ្លងផ្សេងៗទៀត៕