ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​វ៉ា​ត់​ចំរើន​:​កម្ពុជា​ត្រូវការ​មាន​ទូរទស្សន៍​ឯកទេស​កីឡា​១ សម្រាប់​ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ ស៊ី​ហ្គេម ២០២៣

110

​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានអោយដឹងថា​ទូរទស្សន៍​កីឡា​កម្ពុជា CSTV (Cambodia Sports Television) ក្រោម​ការគ្រប់គ្រង​រប​ស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹងត្រូវ​បើក​ឲ្យ​ដំណើរការ​នាពេលខាងមុខ ដោយ​ចក្ខុវិស័យ​នៃ​ថ្នាក់ដឹកនាំ​ទូរទស្សន៍​កីឡា​កម្ពុជា​នេះ​មាន​ជំហរ​ដ៏​សំខាន់​ពីរ ទី​១​គឺ​ដើម្បី​រៀបចំ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ កម្ពុជា​ត្រូវការ​មាន​ទូរទស្សន៍​ឯកទេស​១ និង​ទី​២​គឺជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​កីឡា​។​ឯ​.​ឧ​បាន​
​ពន្យល់​យ៉ាង​ដូច្នេះ​ថា «​ក្រោម​ការដឹកនាំ និង​ចក្ខុវិស័យ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេស ចរណ៍ និង​ជា​ប្រធាន NOCC នៅក្នុង​ដំណាក់កាល​នៃ​ការរៀបចំ​ការប្រកួត ស៊ី​ហ្គ​មេ លើក​ទី​៣២ ឆ្នាំ​២០២៣ យើង​ត្រូវការ​ទូរទស្សន៍​ឯកទេស​មួយ​។ ទូរទស្សន៍​ឯកទេស​ហ្នឹង គឺ​យើង​ធ្វើការ​បណ្តុះបណ្តាល និង​ការរៀបចំ​ទៅក្នុង​កម្រិត​ឯកទេស​កីឡា ដែល​មានន័យថា ទាំង​របៀប​ថត ការចាប់​មុំ​ថត ឧបករណ៍​ថត ត្រូវមាន​លក្ខណៈពិសេស សម្រាប់​វិស័យ​កីឡា ដោយ​ធ្វើយ៉ាងណា​ឲ្យ​ទូរទស្សន៍​នេះ​ជា​ទូរទស្សន៍​ឯកទេស​។ ហើយ​ទូរទស្សន៍​កីឡា​កម្ពុជា​នេះ​ក៏​ជា​មជ្ឈមណ្ឌល​ផ្សព្វ ផ្សាយ (Broadcasting Center) ពី​ការត្រៀម​ស៊ី​ហ្គេម នាពេល​បច្ចុប្បន្ន​រហូត​ដល់​ព្រឹត្តិការណ៍ ស៊ី​ហ្គេម ២០២៣ តែម្តង​។ នៅ​ចុងឆ្នាំ​២០២០​ទូរទស្សន៍​នេះ​នឹង​អាច​ដំណើរការ​ផ្សព្វផ្សាយ​ជា​លក្ខណៈ​អន​ឡាន​ជា​បណ្តើរៗ​សិន​។ ដូច្នេះ​ការរៀបចំ​ទាំងនេះ​គឺ​ផ្តោត​សំខាន់​លើ​កម្រិត​ឯកទេស​កីឡា​តែម្តង ដោយ​ទទួលបាន​ការបណ្តុះបណ្តាល​ពី​ក្រុមហ៊ុន​មកពី​សាធារណរដ្ឋ​កូរ៉េ​»​។​

​ឯកឧត្តម​អគ្គលេខាធិការ​បញ្ជាក់ថា យើង​កំពុងធ្វើការ​ងារ​នេះ ដើម្បី​ជំរុញ​ឲ្យ​អ្វីៗ​ក្លាយទៅជា​ទូរទស្សន៍​ជំនាញ​អាជីព​វិជ្ជាជីវៈ នៅក្នុង​ផ្នែក​នីមួយៗ ដូច្នេះ​ខាង​កីឡា​ក៏មាន​វិជ្ជាជីវៈ​កីឡា​ដូចគ្នា ដើម្បី​គោរព​បាន​នូវ​ស្តង់ដារ​មួយ នៅពេល​ស៊ី​ហ្គេម ហើយ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ត្រូវមាន​ស្តង់ដារ​ស៊ី​ហ្គេម​ដែរ ដោយ​មិនមែន​ចេះតែធ្វើ​ទៅបាន​ដោយ​គ្មាន​អាជីព​ពិតប្រាកដ ឬ​គ្មាន​ស្តង់ដារ​នោះឡើយ​។ ការ​មិនមាន​ស្តង់ដារ គឺ​ធ្វើ​ឲ្យ​ការផលិត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កីឡា​នោះ​មិនអាច​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​នោះឡើយ​។ ទូរទស្សន៍​កីឡា​ថ្មី​មួយ​នេះ​នឹងត្រូវ​ផ្សាយ​តាម​ប្រព័ន្ធ​ឌី​ហ្គី​ថ​ល​កម្រិត​គុណភាព​រូបភាព​ច្បាស់​ល្អ HD (High Definition) ដែល​អាស៊ាន​តម្រូវ​ឲ្យ​យើង​ប្រើប្រាស់​ស្តង់ដារ​មួយ​នេះ​។​
​ខាង​ជំនាញការ​សាធារណរដ្ឋ​កូរ៉េ ដែលជា​អ្នកជំនាញ​ទូរទស្សន៍​កីឡា​នៅ​កូរ៉េ​នឹង​មកជួយ​យើង​ជាមុនសិន ក្នុងនោះ​ក៏មាន​ខ្មែរ​យើង​៥០%​ដែរ ហើយ​អ្នកជំនាញ​កូរ៉េ​នឹង​បណ្តុះបណ្តាល​មន្ត្រី បុគ្គលិក អ្នកជំនាញ​បច្ចេកទេស​ជូន​ដល់​ខ្មែរ​យើង បន្ទាប់មក​គឺ​ខ្មែរ​យើង​បន្តធ្វើ​ការ​ដោយ​ខ្លួនឯង​៕​

អត្ថបទដែលជាប់ទាក់ទង