ថ្ងៃទី១៦ ឧសភា គឺជាខួបទី៧៥ឆ្នាំ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា
ភ្នំពេញ៖នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ គឺជាខួបទី៧៥ឆ្នាំហើយ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្ញើសារលិខិតជូនពរមួយទៅកាន់កម្លាំងនគរបាលជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា មានអត្ថន័យសំខាន់ៗពីរសំខាន់។ ទីមួយ ដើម្បីឧទ្ទិសរំលឹកដល់ស្នាព្រះហស្ត និងគុណូបការៈរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបង្កើតអង្គប្រតិបត្តិច្បាប់នេះ ក្នុងព្រះរាជបំណងធានាស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ ទីពីរ គឺជាការរំលឹកការចងចាំនូវដំណើរឆ្លងកាត់ ជាប្រវត្តិសាស្ត្ររបស់រៀមច្បងនៃកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ ក្នុងបុព្វហេតុសន្តិសុខជាតិ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លើមាគ៌ាដ៏វែងឆ្ងាយលំបាកលំបិន កងកម្លាំងនគរបាលជាតិ បានចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតបាននូវស្នាដៃប្រកបដោយវីរភាពជាច្រើន រាប់មិនអស់ ដោយបានរួមសហការជាមួយកងយោធពលខេមរភូមិន្ទ តស៊ូស្វិតស្វាញក្រាញននៀលលើសមរភូមិ ប្រកបដោយស្មារតីអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ពលីជីវិតដើម្បីទប់ស្កាត់ ការវិលត្រឡប់វិញនៃរបបប្រល័យពូជសាសន៍ និងបំពេញតួនាទីការពារខឿនសន្តិសុខជាតិ ធានាស្ថិរភាព សន្តិសុខផ្ទៃក្នុង រក្សាបាននូវសណ្តាប់ធ្នាប់ សាធារណៈ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
បើតាមការផ្សាយរបស់ផេកហ្វេសប៊ុក ព្រះបរមរាជវាំង Royal du Cambodge បានប្រកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៥ឆ្នាំ ថ្ងៃបង្កើតនគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសូតចេញពីស្នាមព្រះហស្ដដ៏ឧត្តុងឧត្តមនៃ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត (១៦/ឧសភា/១៩៤៥ – ១៦/ឧសភា/២០១២០)៕