នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យចាត់វិធានការជាបន្ទាន់ តាមវិន័យកងកម្លាំង ចំពោះនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ
កំពង់ធំ៖ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត ហើយអ្វីដែលធ្វើឱ្យកានតែភ្ញាក់ផ្អើលទៀតនោះ គឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗទៅអភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ។ ករណីខាងលើនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យសមត្ថកិច្ចជំនាញ ចាត់វិធានការជាបន្ទាន់ តាមវិន័យកងកម្លាំងនគរបាលជាតិ និងតាមច្បាប់ជាបន្ទាន់។
នាយឧត្តមសេនីយ៍ ហឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់នៅមុននេះបន្តិចថា៖ “ករណីនេះ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានបញ្ជាមកហើយ ឱ្យសមត្ថកិច្ច របស់យើងធ្វើរឿងនេះជាបន្ទាន់ អនុវត្តតាមវិន័យកងកម្លាំងនគរបាលជាតិ និងចាត់វិធានការតាមផ្លូវច្បាប់ មិនអាចលើកលែងឱ្យនោះឡើយ”។
សូមបញ្ជាក់ថា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត ហើយអ្វីដែលធ្វើឱ្យកានតែភ្ញាក់ផ្អើលទៀតនោះ គឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗទៅអភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ ថានៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ ។
គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បណ្តាលមកពីជាតិស្រវឹងខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ និងខ្លួនឯងទៀតសោតក៏មានតួទាទីជានាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទៀតផង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្ត បានបញ្ជាក់ថា មន្ត្រីនគរបាលដែលជាបក្ខពួក ហើយបានរំដោះយកលោក រុំ សុវិជ្ជា ចេញមិនឲ្យសមត្ថកិច្ចក្រុងស្រឹងសែន អនុវត្តច្បាប់ រួមមាន៖ លោកវរសេនីយ៍ត្រី ហួ គឹមហ៊ត នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ។ លោកអនុសេនីយ៍ឯក សេង សុខចំរើន នាយរងផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក។ លោកអនុសេនីយ៍ទោ វ៉ាន់ កុសល មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក។
លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេសប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយសម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ជាក់ជាពុំខាន។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាយ៉ាងតឹងរឹងបំផុតចំពោះមន្ត្រីនគរបាល ពិសេសមន្ត្រីនគរបាលដែលមានភារកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យថ្មីនេះ ត្រូវតែអនុវត្តច្បាប់ គោរពច្បាប់ ជាគំរូប្រជាពលរដ្ឋ និងបានព្រមានថា មិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលទាំងឡាយណាដែលមិនគោរពច្បាប់៕