ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រាក់ទ័រកាយដីមួយគ្រឿង បានបើកជាន់មីនតោន កប់ក្នុងដីហើយបានផ្ទុះឡើងបណ្តាលឱ្យអ្នកបើកបររងរបួស

67

ខេត្តព្រះវិហារ៖ អាជ្ញាធរមីន បានឲ្យដឹងថា ​ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០​ វេលាម៉ោង០៦និង១០នាទី​ មានករណីផ្ទុះមីនតោន នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហេតុការណ៍នេះកើតឡើងដោយសារត្រាក់ទ័រកាយដីមួយគ្រឿងបានបើកជាន់មីនតោនកប់ក្នុងដីហើយបានផ្ទុះឡើងបណ្តាលឱ្យអ្នកបើកបររងរបួស និងខូតខាតត្រាក់ទ័រមួយគ្រឿង។

ជនរងគ្រោះត្រូវបានសមាជិកសហគមន៍បញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំយាង។

មីន​ និងគ្រាប់មិនទាន់ផ្ទុះ នៅតែបង្កអោយប្រជាពលរដ្ឋយើង ធ្លាក់ខ្លួនពិការ របួស​ និងស្លាប់ និងជាឧបសគ្គដល់ការអភិវឌ្ឍប្រទេសជាតិ។

អាជ្ញាធរមីន​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់កុំចូលទៅតំបន់ណាដែលមិនច្បាស់លាស់ ឫមានការសង្ស័យថាមានមីន និងគ្រាប់មិនទាន់ផ្ទុះ​ ត្រូវសាកសួរព័ត៍មានពីមេភូមិ​ មេឃុំ​ និងអាជ្ញាធរមានសមត្ថកិច្ចមុននឹងសំរេចចិត្តចូលទៅតំបន់នោះ។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងតាមរយៈហ្វេសប៊ុក ថា ពិតជាមានការសោកស្តាយខ្លាំងបំផុត ដែលឃេីញប្រជាកសិករបានទទួលរងគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់​សំណល់ពីសង្គ្រាម​នៅលេីដីស្រែចំការខ្លួនឯង! ដោយសារពួកគាត់បានខិតខំកសាងសេដ្ឋកិច្ចគ្រួសារឡេីងវិញក្រោយសង្គ្រាមបានបញ្ចប់​ រហូតគ្រួសារកសិករខ្លះមានត្រាក់ទ័រថ្មី​ ឬគោយន្តថ្មីៗ​ តែបែរជាមានគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះលេីដីស្រែចំការខ្លួនឯង​! មានគ្រោះថ្នាក់ខ្លះលេីដីស្រែចំការដែលបានប្រេីប្រាស់ជាច្រេីនឆ្នាំហេីយ​ជាង១០-២០ឆ្នាំក៏មាន​ ឬ៤-៥​ឆ្នាំក៏មាន។ សោកវិនាសកម្មបែបនេះ​ បានបង្កឱ្យរបួស​ ស្លាប់​ និងខាតបង់ទ្រព្យសម្បតិ្ត​ ព្រមទាំងក្លាយជាបច្ច័យបង្កឱ្យគ្រួសារកសិករទាំងនោះ​ ធ្លាក់ខ្លួនក្រីក្រជាថ្មី!
សូមអំពាវនាវដល់អ្នកប្រេីប្រាស់ដីធ្លីដែលដឹងថាជាអតីតសមភូមិ និងតំបន់គ្រាប់មីន​ មានព័ត៌មាននិងមានភស្តុតាង​ទាក់ទងនឹងសំណល់ជាតិផ្ទុះពីសង្គ្រាម! សូមរាយការណ៍​ ជូនប្រធានភូមិ​ ឬក្រុមប្រឹក្សាឃុំ​ ឬប៉ូលិសប៉ុស្តិ៍ ឬមន្ត្រីអង្គភាពសុីម៉ាក់​ ដេីម្បីទទួលបានសេវាពិគ្រោះយោបល់​ និងការបោសសម្អាតសំណល់ពីសង្គ្រាម! ចៀសវាងប្រថុយប្រថាននឹងគ្រោះថ្នាក់កេីតឡេីងចំពោះខ្លួន​ឯង​ សមាជិកគ្រួសារ​ ឬអ្នកដទៃលេីដីស្រែចំការទាំងឡាយនោះ៕

អត្ថបទដែលជាប់ទាក់ទង