ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវ​ក្រុង​ចំនួន​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ ប្រវែង​សរុប​៨២,១៤៥ គីឡូម៉ែត្រ ដែល​កំពុង​ត្រូវបាន​ស្ថាបនា គិត​រហូតមកដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​នេះ សម្រេចការ​សាងសង់​បាន​ចំនួន​៩០,៦០​ភាគរយ​ហើយ​

78

 

​ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ផ្សាយ​ព័ត៌មាន​ថា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ក្នុង​កម្មវិធី​ដំណើរ​ទស្សនកិច្ច​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ក្រុង​ចំនួន​៣៤​ខ្សែ និង​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់ធ្វើ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ក្នុង​ក្រុងព្រះសីហនុ នា​ថ្ងៃទី​១៧ ឧសភា ២០២០​។​

​ដំណើរ​ទស្សនកិច្ច​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន មន្ត្រីរាជការ​ជុំវិញ​ខេត្ត តំណាង​ក្រុមហ៊ុន​សាងសង់ ទីប្រឹក្សាបច្ចេកទេស​សាងសង់ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ផងដែរ​។​

​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន​៣៤​ខ្សែ ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គិត​រហូតមកដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ សម្រេចបាន ៩០,៦០​ភាគរយ​ហើយ​។​

​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ ចំនួន​៣៤​ខ្សែ​នេះ មាន​ប្រវែង​សរុប​ចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​ចំនួន​ប្រាំពីរ គ្រោង​ចំណាយ​រយៈពេល​សាងសង់​ចំនួន​៨​ខែ ចាប់​ពីថ្ងៃ​ចុះកិច្ចសន្យា ហើយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋបាលខេត្ត​ព្រះសីហនុ មាន​ភារកិច្ច​ត្រួតពិនិត្យ​ការអនុវត្តន៍​គម្រោង​នេះ​។​

​គួរកត់សម្គាល់​ផងដែរ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ស្ថាបនា​ឡើងវិញ​ទាំងស្រុង បន្ទាប់ពី​ទទួលរង​ការខូចខាត​ទាំងស្រុង​ដោយសារ កំណើន​នៃ​ការអភិវឌ្ឍ​យ៉ាងគំហុក និង​គ្រោះទឹកជំនន់​នាពេល​កន្លងមក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​នេះ​ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត នៃ​ខេត្ត​ព្រះសីហនុ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុងការ​ស្ថាបនា​ផ្លូវ​ទូទាំង​ក្រុង​បែបនេះ​។​

​លើសពីនេះ​ទៀត ការស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ធ្វើឡើង​ក្រោម​ការយកចិត្ត​ទក​ដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ធ្វើឱ្យ​ខេត្ត​ជាប់​ឆ្នេរ សមុទ្រ​មួយ​នេះ​មាន​ភាព​ស៊ី​វិ​ល័យ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង ការ​ប្រែក្លាយ​ឱ្យទៅជា​ខេត្ត​ឧស្សាហកម្ម​គំរូ​ពហុ​បំណង​តែមួយគត់ និង​ជា​ខេត្ត​បំពង់ករ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ​។​

​ហេតុ​ដូច្នេះហើយ រាជ​ដ្ឋា​ភិ​បាល​បានសម្រេច​បញ្ចេញ​ថវិកា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ទាំងនេះ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ ឲ្យ​ក្លាយជា​ទីក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ ទេសចរណ៍ និង​ធុរកិច្ច​ជាពិសេស ធានា​នូវបាន​គុណភាព​រឹងមាំ​អាច ប្រើប្រាស់​បានយូរ​អង្វែង​៕

អត្ថបទដែលជាប់ទាក់ទង