លោកជំទាវ ឱ វណ្ណឌីន ៖ មកទល់ពេលនេះយើង មិនទទួលបានព័ត៌មានផ្លូវការណាមួយ ពីភាគីវៀតណាម ករណីមានជនជាតិខ្មែរម្នាក់ ធ្វើដំណើរវៀតណាម ត្រូវវៀតណាម រកឃើញថា មានជំងឺកូវីដ១៩
បន្ទាប់ពីមានព័ត៌មានក្នុងស្រុកចុះផ្សាយថា មានជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាប ដែលធ្វើដំណើរទៅលេងផ្ទះមីងនៅស្រុកតាន់ចូ ក្នុងខេត្តតាញិញ ជាប់ព្រំដែនប្រទេសកម្ពុជា ត្រូវបានវៀតណាម រកឃើញថា មានជំងឺកូវីដ១៩ កាលពីថ្ងៃទី២ ខែឧសភានេះ
លោកជំទាវ ឱ វណ្ណឌីន បានជ្រាបថា មកទល់ពេលនេះយើងមិនទទួលបានព័ត៌មានផ្លូវការណាមួយ ពីភាគីវៀតណាម ចំពោះករណីដែលបានលើកឡើងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មាន តាមរយៈបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០នេះថា “ខ្ញុំសុំអនុញ្ញាតគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា មកទល់ពេលនេះ យើងមិនទទួលបានព័ត៌មាន ផ្លូវការណាមួយ ពីភាគីវៀតណាមចំពោះករណីដែល បានលើកឡើងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។ ម្យ៉ាងទៀត ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មាន ជាក់លាក់ណាមួយ ស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ”។
លោកជំទាវ បានលើកឡើងថា “តាមការចុះផ្សាយនោះទៀត គឺយើងក៏មិនអាចដឹងបានដែរថា តើការដែលចម្លងនេះ វាអាចឆ្លងនៅប្រទេសណាមួយដែរទេ? ដោយសារការចម្លងវីរុសនេះ វាអាចកើតមានឡើងគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលាទាំងអស់ ជាពិសេសទៅទៀតនោះ គឺនៅពេលដែលបុគ្គលធ្វើដំណើរចល័តតែម្តង។ គ្រប់ព័ត៌មានដែលទទួលបាន យើងតែងតែធ្វើការស្រាវជ្រាវ នៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកឲ្យអស់លទ្ធភាព ហើយថ្ងៃនេះ ខ្ញុំសូមជម្រាបជូនថា យើងនៅតែមិនទាន់រកឃើញ មានករណីវិជ្ជមានថ្មីណាមួយនោះទេ តាមរយៈប្រព័ន្ធស្រាវជ្រាវ តាមដានរបស់យើងនេះ”។
“អ៊ីចឹងខ្ញុំគ្រាន់តែសូមជម្រាបជូនថា ករណីនេះ មិនមានភាពជាក់លាក់ ហើយក៏មិនអាចនឹងវាយតម្លៃថាការចម្លងនេះ គឺកើតចេញពីព្រះរាជាណាចក្រកម្ពុជាយើងដែរ ដោយសារបុគ្គលនោះ បានទៅដល់ប្រទេសវៀតណាម បើគិតទៅហួសពី១៤ថ្ងៃទៅហើយ មកទល់ពេលដែលចុះផ្សាយថារកឃើញវិជ្ជមាននោះ។ ក្រសួងសុខាភិបាលនៅតែប្រកាន់ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត ហើយប្រសិនបើយើងមានព័ត៌មាន ឬក៏មានការវិវឌ្ឍថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ នេះ ក្រសួងសុខាភិបាល នឹងជម្រាបជូនសាធារណជន ឲ្យបានជ្រាបជាមិនខានឡើយ” លោកជំទាវបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
សូមបញ្ជាក់ជូនសារជាថ្មីថា មកទល់ថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា មិនទាន់រកឃើញមានករណីចម្លងវីរុសកូវីដ-១៩ ថ្មី នោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ហើយចូលរួមបន្តការពារខ្លួនកុំមានការឆ្លងវីរុសនេះ ប្រសិនបើមានព័ត៌មាន ឬមានបញ្ហាសុខភាព សូមទាក់ទងទៅលេខ ១១៥ ឬទៅស្វែងរកការពិនិត្យព្យាបាល ពីក្រុមគ្រូពេទ្យនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក៕ដោយ៖កូឡាប