ម្តាយជរាស្លាប់ក្នុងភ្លើងឆេះផ្ទះ ពេលប្តីប្រពន្ធស្រវឹងស្រា បោះកន្ទុយបារីចោលលើចំបើងនៅក្រោមផ្ទះ បង្កជាអគ្គិភ័យ
ព្រៃវែង ៖ ម្តាយបង្កើតចាស់ចាស់ជរាម្នាក់ បានស្លាប់នៅក្នុងភ្នក់ភ្លើងឆេះផ្ទះ។ សមត្ថកិច្ចបានសន្និដ្ឋានថា ប្តីប្រពន្ធស្រវឹងស្រា បោះកន្ទុយបារីចោលលើចំបើង នៅក្រោមផ្ទះ បង្កជាអគ្គិភ័យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះផាន់ គន់ ភេទប្រុស អាយុ46ឆ្នាំ និងប្រពន្ធឈ្មោះ ឃឹម ហ៊ុន អាយុ៤៥ឆ្នាំ នៅភូមិញញាលៀង ឃុំអង្គររាជ្យ ដែលមានផ្ទះទំហំ ៦ម៉ែត្រគុណ៧ម៉ែត្រសង់ពីឈើប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី ។
តាមរបាយការណ៍បានឲ្យដឹងថា ក្នុងការឆាបឆេះនេះ បណ្តាលស្លាប់ម្តាយបង្កើតនៅជាមួយឈ្មោះ អ៊ាង សូត្រ ភេទស្រី អាយុ85ឆ្នាំ (ចាស់ជរា) និងខូចខាតសម្ភាររួមមាន ៖ ម៉ូតូ១គ្រឿង កង់២គ្រឿង ស្រូវ១០ទៃ ថវិកា១០០០ដុល្លារ សម្ភារប្រើប្រាស់មួយចំនួន ។
មូលហេតុម្ចាស់ផ្ទះពីនាក់ ប្តីប្រពន្ធស្រវឹងស្រា ដើរលេងផ្ទះបងប្អូននៅក្នុងភូមិ ទុកម្តាយនៅផ្ទះតែម្នាក់ឯង។
តាមការសន្និដ្ឋានរបស់នគរបាល គឺហេតុការណ៍មកពីកន្ទុយបារី ម្ចាស់ផ្ទះស្រវឹងស្រា បោះចោលលើចំបើងនៅក្រោមផ្ទះ៕ដោយ៖បញ្ញាស័ក្តិ