ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីណាដែលប្រព្រឹត្តអំពើពុករលួយមិនត្រូវអត់ឱនឱ្យជាដាច់ខាត
ភ្នំពេញ ៖ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានព្រមានទុកមុនមិនអត់ឱនឲ្យជាដាច់ខាត ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយប្រកាសដាក់ចេញនូវយុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការនេះ ឯកឧត្តមរដ្ឋមន្ដ្រី កើត រិទ្ធ ដែលទើបឡើងកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានអះអាងថា សម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ អាចប្រឈមនឹងការបញ្ចប់ការងារភ្លាមៗតែម្ដង។ ឯកឧត្តមរដ្ឋមន្ដ្រី កើត រិទ្ធ បានថ្លែងយ៉ាងដូច្នេះថា “យើងមិនអនុញ្ញាតឲ្យមានករណីត្រីងៀតឆ្លៀតពងនោះទេ មានន័យថា មិនអនុញ្ញាតឲ្យយកឱកាស នៃយុទ្ធនាការនេះ ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ឬក៏ជាអំពើមួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ចឹងអភិក្រមការងារនេះ យើងនឹងប្រកាន់ជំហរម៉ឺងម៉ាត់ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីដែលបានប្រព្រឹត្តខុសនឹងទទួលមកវិញជាមួយនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទាំងផ្នែកផ្លូវច្បាប់ ទាំងផ្នែកវិជ្ជាជីវៈ”។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងរំពឹងថា វិធានការថ្មីរបស់ខ្លួន នឹងដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការបានរហូតដល់ ៧០ភាគរយ និងប្រកបដោយតម្លាភាពនៅក្នុងរយៈពេលត្រឹម ៦ខែខាងមុខ។ យុទ្ធនាការនេះមានកិច្ចសហការពីក្រសួងពាក់ព័ន្ធនានា ក្នុងនោះក៏មានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ ការដាក់ចេញវិធានការពីអង្គភាពប្រឆាំងអំពើពុករលួយ ។
ឯកឧត្តម កើត រិទ្ធ បានថ្លែងបញ្ជាក់ថា “ពាក្យបួនម៉ាត់ដែលឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដាក់នោះ គេហៅថា ជាគម្រប់នៃយុទ្ធនាការតែម្តង លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ។ វិធានការនេះ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពចៅក្រម និងព្រះរាជអាជ្ញា កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងពន្លឿនយុត្តិធម៌ដល់ជនជាប់ចោទ”។
ឯកឧត្តម កើត រិទ្ធ បានអះអាងថា បញ្ហាកកស្ទះសំណុំរឿងដែលបានកើតឡើងនោះ មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយរបស់មន្ត្រីតុលាការទេ ដោយថា បញ្ហានេះវាកើតចេញពីកង្វះធនធានមនុស្ស បច្ចេកទេស ការកើនឡើងនៃបទល្មើសគ្រឿងញៀន និងការអនុវត្តនីតិវិធីរបស់ព្រះរាជអាជ្ញាមួយចំនួន។ ព្រះរាជអាជ្ញាមានសិទ្ធិ ៣យ៉ាងនៅក្នុងការអនុវត្តនីតិវិធីចោទប្រកាន់ ក្នុងនោះមានការបញ្ជូនសំណុំរឿងទៅជំនុំជម្រះផ្ទាល់ ការបង្ហាញខ្លួនភ្លាមៗ និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ។ ការអនុវត្តជាក់ស្តែង ព្រះរាជអាជ្ញាប្រើជម្រើសទី៣ស្ទើរទាំងអស់ ដែលលោកថា ជាមូលហេតុធ្វើឱ្យកកស្ទះ ខណៈច្បាប់អនុញ្ញាតិតែបទឧក្រិដ្ឋ និងបទមជ្ឈិមស្មុគស្មាញប៉ុណ្ណោះ ទើបបញ្ជូនទៅចៅក្រមស៊ើបសួរ។
ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា ការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ វាត្រូវផ្តើមចេញពីការបង្កើនសមត្ថភាពមន្ត្រីតុលាការជាមុន។
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានថ្លែងថា ក្រសួងយុត្តិធម៌ ធ្លាប់បានជួយជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលនេះមានន័យថា ប្រសិនបើមានករណីប្រព្រឹត្តអំពើពុករលួយក្នុងយុទ្ធនាការនេះ គឺក្រសួងយុត្តិធម៌ នឹងចាត់នីតិវិធីឆ្លើយតបដោយម៉ឺងម៉ាត់។ ឯកឧត្តម បន្ថែមថា ក្រសួងយុត្តិធម៌ ក៏បានជួបជាមួយសាលាជម្រះក្ដីជាន់ខ្ពស់ដែរ ហើយបន្ដទៀតនេះ នឹងជួបជាមួយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីធានាថា កំហុសផ្នែកវិជ្ជាជីវៈ ក៏ត្រូវឆ្លើយតបជាមួយការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈដូចគ្នាផងដែរ ហើយកំហុសវិន័យធំជាងគេផ្នែកវិជ្ជាជីវៈ ដែលអាចរកឃើញ គឺការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី កើត រិទ្ធ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ត្រូវចូលរួមផ្ដល់ព័ត៌មានមកក្រសួងយុត្តិធម៌ ក្នុងករណីឃើញមានភាពមិនប្រក្រតីណាមួយដែលបានកើតឡើង នៅក្នុងយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការនេះ ដើម្បីផ្ដល់ភាពយុត្តិធម៌ជូនជនរងគ្រោះ៕