ប្រើល្បិច ជិះម៉ូតូពីក្រោយ កៀរម៉ូតូជនរងគ្រោះ ឲ្យដួលបន្លំយកម៉ូតូ ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួន និងវាយប៉ោងមុខ ជនសង្ស័យ២នាក់
ភ្នំពេញ ៖ មានករណីលួចមានស្ថានទម្ងន់ទោស គឺវាយប្លន់យកម៉ូតូជនរងគ្រោះមិនសម្រេច ខណៈជនសង្ស័យបានជិះ តាមពីជនរងគ្រោះពីក្រោយ ដោយធ្វើល្បិចកៀរបណ្តាលឲ្យដួល។ ក្នុងហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិជួយចាប់ឃាត់ខ្លួនជនសង្ស័យបាន២នាក់ វាយជាំភ្នែក និងរបួសខ្លួនជាទម្ងន់ ទើបប្រគល់ឲ្យសមត្ថកិច្ច ។ ដែលហេតុការណ៍នេះ កើតឡើង នាវេលាម៉ោង០០និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ជនងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ (ជិះម៉ូតូចេញទៅបាត់)។ ចំណែកជនសង្ស័យ២នាក់ ៖ ឈ្មោះ ផៃ បុរី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រទឹកកក ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និងជនសង្ស័យឈ្មោះ បូ វិបុត្រ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នាវេលាម៉ោង០០និង៥នាទី ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះជិះម៉ូតូម៉ាក Honda icon ពណ៌ក្រហម លាយស មិនចាំស្លាកលេខ ជិះម្នាក់ឯង មកពីភ្នំពេញទៅផ្ទះនៅស្រុកកៀនស្វាយ ។ ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ៣នាក់ ឈ្មោះ ផៃ បូរី, ឈ្មោះ បូ វិបុត្រ និងឈ្មោះ ហេង ជិះម៉ូតូ១គ្រឿង ម៉ាក Honda Scopy ពណ៌ស មិនចាំស្លាកលេខ ជិះតាមពីក្រោយកៀរ រួចធាក់ជនរងគ្រោះឲ្យដួលម៉ូតូ ហើយជនសង្ស័យឈ្មោះ ផៃ បូរី និងជនសង្ស័យឈ្មោះ បូ វិបុត្រ ចុះទៅយកម៉ូតូជនរងគ្រោះ តែបញ្ឆេះមិនឆេះ ។ ជនរងគ្រោះក៏ស្រែកចោរៗ រួចមានអ្នកធ្វើដំណើរតាមផ្លូវ រួមជាមួយប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាមកជួយ ។ ពេលនោះជនសង្ស័យឈ្មោះ ហេង បើកម៉ូតូគេចខ្លួនបាត់ ចំណែកជនសង្ស័យឈ្មោះ ផៃ បូរី និងជនសង្ស័យឈ្មោះ បូ វិបុត្រ នាំគ្នារត់គេចខ្លួនចូលភូមិក្តីតាកុយ ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់បានជនសង្ស័យទាំង២នាក់ រួចវាយជនសង្ស័យម្នាក់ឈ្មោះ បូ វិបុត្រ ជាំភ្នែក និងរបួសខ្លួនជា ទម្ងន់ ។ ភ្លាមនោះសមត្ថកិច្ចល្បាតទៅដល់ក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ រួចនាំជនសង្ស័យឈ្មោះ បូ វិបុត្រ ទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះ បានជិះម៉ូតូចេញទៅបាត់ ។ បច្ចុប្បន្ន កំពុងបន្តស្វែងរកជនរងគ្រោះមកដាក់ពាក្យបណ្តឹង ៕