ប្រតិបត្តិការ ឆ្នាំ២០១៩ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក កើនដល់ ៣៣,៧៤ ពាន់លានដុល្លារ
ភ្នំពេញ ៖ គម្រោង កម្មវីធី និងការគាំទ្រ ការអភិវឌ្ឍផ្សេងៗ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់សមាជិកជាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានទំហំរហូតដល់ ៣៣,៧៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ដែលនេះបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ទៅនឹងទស្សនវិស័យរបស់ខ្លួនដើម្បីសម្រេចបានតំបន់ដែលមានវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយកាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
របាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ ADB ចេញផ្សាយថ្ងៃនេះ ផ្តល់នូវព័ត៌មាន ស៊ីជម្រៅនៃ លទ្ធផល ប្រតិបត្តិការ និងហិរញ្ញវត្ថុ របស់ ADB ក្នុងឆ្នាំ២០១៩ ដែលគ្របដណ្តប់ពេញមួយឆ្នាំដំបូងនៃការអនុវត្តយុទ្ធ សាស្រ្ត រួមរយៈពេលវែងរបស់ ADB ហៅថា យុទ្ធសាស្រ្ត២០៣០។
“ខ្ញុំមានការលើកទឹកចិត្ត ដោយការខិតខំរបស់យើងក្នុងឆ្នាំ២០១៩។ ខ្ញុំមានជំនឿចិត្តលើអ្វីដែលយើង សម្រេចបានកន្លងមកក្នុងឆ្នាំ២០២០។” ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa បានមាន ប្រសាសន៍។ “យើង នឹងបន្តពីសមិទ្ធផលសម្រេចបាន ដើម្បីធានាធ្វើការងារបន្ថែម ដែលស្រប ហើយឆ្លើយតបនឹង តម្រូវការ សមាជិកយើង ខណៈដែលពួកគេទប់ទល់ និងងើបឡើងវិញ ពីការរាតត្បាតនៃ COVID-19។”
ដើម្បីឆ្លើយតបនឹង COVID-19 កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំនេះ ADBបានអនុម័ត កញ្ចប់ថវិកា ២០ ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់សកម្មភាព ក៏ដូចជាកម្មវិធីនានា ជួយសមាជិកជាប្រទេសកំពុង អភិវឌ្ឍដោះស្រាយផលប៉ះពាល់ដោយ ជំងឺរាតត្បាតនេះ។
ការគាំទ្រថ្មីៗក្នុងឆ្នាំ២០១៩ រួមមាន កម្ចី ជំនួយ ការវិនិយោគ និងកិច្ចធានាប្រមាណ ២១,៦៤ពាន់ លានដុល្លារ ពីធនធានផ្ទាល់របស់ ADB ដើម្បីជួយ ផែនការអភិវឌ្ឍន៍ និងកំណើន នៃសមាជិកដែលជាប្រទេស កំពុងអភិវឌ្ឍ។ ការផ្តល់មូលនិធិ ក្នុងឆ្នាំ២០១៩ (ដែលជាសូចនាករគន្លឹះ សម្រាប់ការអនុវត្តគម្រោង ប្រកបដោយ ជោគជ័យ) មានចំនួនដល់ ១៦,៤៧ពាន់លានដុល្លារ គឺកើនឡើង១៦,១% ពីឆ្នាំ២០១៨។
ប្រតិបត្តិការផ្នែកឯកជនរបស់ADB ក្នុងឆ្នាំ២០១៩ កើនដល់ ៣ពាន់លានដុល្លារ ដែលជាឆ្នាំទីពីរ ជាប់ៗ គ្នានៃកម្រិតខ្ពស់នេះ ហើយវាបង្ហាញផែនការពង្រីកការវិនិយោគវិស័យឯកជន ក្នុងផ្នែក និងក្នុងប្រទេសអភិវឌ្ឍន៍ បង្គួរថ្មីៗ។
សហហិរញ្ញប្បទានមានចំនួនដល់ ១១,៨៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ក្នុងនោះប្រតិបត្តិការ ផ្នែក ឯកជនរបស់ ADB មាន ៦,៩៨ពាន់លានដុល្លារ នៃចំនួនសហហិរញ្ញប្បទានសរុប។
ហិរញ្ញប្បទានលើផ្នែកអាកាសធាតុនៃADB ក្នុងឆ្នាំ២០១៩ កើនដល់កម្រិតខ្ពស់បំផុតគឺ ៦,៥៥ពាន់ លានដុល្លារ។ ADB សម្រេចបានគោលដៅរបស់ខ្លួន មួយឆ្នាំមុនកាលកំណត់ ក្នុងការបង្កើនទ្វេដងនូវការវិនិយោគ ប្រចាំឆ្នាំក្នុងផ្នែកអាកាស ធាតុ ដែលកាលពីឆ្នាំ២០១៤ មានត្រឹមតែ ៣ពាន់លានដុល្លារ ប៉ុណ្ណោះ។ នេះបង្ហាញការ ប្តេជ្ញាចិត្តខ្ពស់របស់ ADB សម្រាប់សកម្មភាពទាក់ទងនឹង បម្រែបម្រួលអាកាសធាតុ។ យុទ្ធសាស្រ្ត២០៣០ កំណត់ គោលដៅ ដើម្បីសម្រេចបាន ហិរញ្ញប្បទាន លើផ្នែកអាកាសធាតុ សរុបឲ្យបាន ៣៥ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៤ និង ៨០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០។
ADB ក៏កំពុងឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រ២០៣០ របស់ខ្លួន ក្នុងការលើកកម្ពស់សមភាព យេនឌ័រ យ៉ាងហោចណាស់ ៧៥% នៃប្រតិបត្តិការរបស់ខ្លួន។
របាយការណ៍ប្រចាំឆ្នាំរបស់ ADB ក្នុងទម្រង់ ឌីជីថល មានផ្ទុកនូវមាតិកា multimedia ដ៏សម្បូរបែប។ ដើម្បីបរិស្ថានមេត្រី វាត្រូវបានបោះផ្សាយ១០០% តាម online។ សូមមើល www.adb.org/ar2019/digital។
ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញា សម្រេចឲ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីលុបបំបាត់ភាពទីទាល់ក្រ។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ADB ជាស្ថាប័ន គ្រប់គ្រងដោយសមាជិកចំនួន ៦៨ ដែលក្នុងនោះ ៤៩ មកពីតំបន់នេះ៕
យយ