ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស

67

 

ភ្នំពេញ៖ ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងិត ។

តាមរយៈហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្តេច បានលើកឡើងថា ” ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ”។

“ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត”។ សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ដូច្នេះ។

ពិធីរំលឹកវិញ្ញាណក្ខន្ធថ្ងៃទី២០ឧសភា ដែលរដ្ឋបាលរាជធានីភ្នំពេញ ដូចជា នៅតាមបណ្ដាលខេត្តនានា តែងតែប្រារព្ធធ្វើឡើង នៅក្នុងដែនដីរបស់ខ្លួនជារៀងរាល់ឆ្នាំនោះ។ ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ ការប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ២០ឧសភា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃ២០ខែឧសភាឆ្នាំ២០២០ស្អែកនេះ ត្រូវបានផ្អាកធ្វើហើយ ដោយបញ្ហាជំងឺកូវីដ១៩ ដែលបាននិងកំពុងរីករាលដាល​ពេញពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយ បានប្រឈមនឹងបញ្ហានេះដែរ។

បើយោងតាមលិខិតមួយច្បាប់ ជម្រាបជូនមកគណៈកម្មាធិការគណបក្សរាជធានី ខេត្ត ដែលចុះហត្ថលេខា ដោយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលក្នុងលិខិតនេះ មានន័យដើមទាំងស្រុងថា ៖ ជម្រាបមក ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនរាជធានី ខេត្ត កម្មវត្ថុ អំពីការផ្អាកធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ យោងតាមលិខិតលេខ ០២៥/១៨ លគ.គក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល ស្ដីពីការរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ ថ្ងៃ២០ឧសភា។

តាមកម្មវត្ថុ​និងយោងខាងលើ គណៈកម្មការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល សូមជម្រាបជូន ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មាធិការគណបក្សរាជធានី ខេត្តទាំងអស់ ជ្រាបថា ដោយបញ្ហាកូវីដ១៩ កំពុងរីករាលដាលពេញពិភពលោក ដូច្នេះការរៀបចំពិធីជួបជុំ ដើម្បីរំលឹកវិញ្ញាណក្ខន្ធ ដែលគណបក្ស តាមបណ្ដាលថ្នាក់ត្រៀម រៀបចំធ្វើនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០ ខាងមុខ ត្រូវផ្អាកធ្វើក្នុងឆ្នាំនេះ។

បើយោងតាមអនុក្រឹត្យ ស្តីពីទិវាជាតិនៃការចងចាំ ដែលចុះហត្ថលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ បានសម្រេចថា ត្រូវបានកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាជាតិនៃការចងចាំ ដែលជាថ្ងៃបុណ្យជាតិ ផ្លូវការមួយ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បី ៖ លើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ធិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំលឹកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់ ឬបានបាត់បង់ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមក្នុងផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឲ្យកើតមានឡើងសាជាថ្មី។

ថ្វីត្បិតស្រមោលអន្ធកាលដ៏ខ្មៅងងិត បានកន្លងផុតទៅ ៤ទសវត្សរ៍ក៏ដោយចុះ តែស្លាកស្នាមនៃសោកនាដកម្មប្រល័យពូជសាសន៍ នៅតែដក់ជាប់ក្នុងបេះដូងកូនខ្មែរគ្រប់ៗរូប និងហាក់ដូចជានៅថ្មីៗ ស្រស់ៗនៅឡើយ។ មហាសោកនាដកម្ម និងវិនាសកម្មប្រល័យពូជសាសន៍ នៃរបបដ៏ព្រៃផ្សៃ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានធ្វើឲ្យជីវិតជនស្លូតត្រង់ នៃប្រជាជនកម្ពុជាជាង៣លាននាក់ ត្រូវបានគេកាប់សម្លាប់ និងរាប់លាននាក់ទៀត ត្រូវព្រាត់ប្រាស់បែកបាក់គ្រួសារ ហើយក៏ពុំមានគ្រួសារខ្មែរណាម្នាក់ ដែលដែលមិនបាត់បង់សមាជិកគ្រួសារនោះទេ។ ស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនពិការជាដើម មាននៅពាសពេញផ្ទៃប្រទេស ក្រោមស្នាដៃតែមួយ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ថ្ងៃ២០ឧសភា ក៏ជាសាររំលឹក ទៅដល់កូនខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោក កុំភ្លេចនូវរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ និងគួឲ្យស្អប់ខ្ពើមនេះ៕

អត្ថបទដែលជាប់ទាក់ទង