កូរ៉េខាងត្បូងបើកសាលាឲ្យសិស្សចូលរៀនវិញ ខណៈអត្រាឆ្លង COVID-19 ស្ថិតក្នុងកម្រិតទាបបំផុត
និស្សិតរាប់សែននាក់ក្នុងប្រទេសកូរ៉េខាងត្បូងបានវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃពុធនេះ ខណៈដែលគ្រឹស្ថានអប់រំបានបើកឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលជាង ២ខែដោយសារការផ្ទុះវីរុសកូរ៉ូណា។
សិស្សទាំងអស់បានតម្រង់ជួរ ដើម្បីពិនិត្យកម្តៅ និងត្រូវគេផ្តល់ទឹកលាងសម្អាតដៃ ខណៈពួកគេដើរចូលក្នុងបរិវេណសាលា ចំណែកលោកគ្រូ អ្នកគ្រូបានស្វាគមន៍ការវិលត្រឡប់របស់ពួកគេដោយស្នាមញញឹម។
កូរ៉េខាងត្បូងគឺជាប្រទេសទី ២ បន្ទាប់ពីចិនដែលមានការផ្ទុះវីរុសខ្លាំងបំផុតដំបូងបង្អស់ បណ្តាលឲ្យមន្ត្រីបានធ្វើការពន្យារពេល បើកសាលារៀនឡើងវិញ ដែលគ្រោងនៅដើមខែមិនា។
ប៉ុន្តែប្រទេសនេះ បានគ្រប់គ្រងការផ្ទុះវីរុសយ៉ាងល្អ ដោយសារតែមានកម្មវិធីតាមដាន ធ្វើតេស្ត និងព្យាបាលយ៉ាងទូលំទូលាយ។
មានសិស្សចំនួន ៤៤០.០០០នាក់កំពុងរៀននៅថ្នាក់ចុងបញ្ជប់ ហើយពួកគេនឹងត្រូវប្រឡងចូលសកលវិទ្យាល័យក្នុងខែធ្នូ ដែលពួកគេទាំងនេះ បានវិលត្រឡប់ចូលរៀនមុនគេ។
នៅក្នុងថ្នាក់រៀន សិស្សទាំងអស់ត្រូវបានដាក់ឲ្យនៅអង្គុយឆ្ងាយពីគ្នាតាមការណែនាំគម្លាតសង្គម។
រដ្ឋមន្ត្រីអប់រំ លោក Yoo Eun-hae បាននិយាយថា “ការព្រួយបារម្ភពីការឆ្លងជាក្រុមតូចៗនៅតែមាន ហើយគ្មាននរណាម្នាក់អាចទាយដឹងថានឹងមានស្ថានភាពអ្វីកើតឡើងនៅសាលានោះទេ”។
លោកបន្ថែមថា ក្រសួងអប់រំបានចាប់ផ្តើមប្រតិបត្តិការបន្ទាប់ ២៤ម៉ោងក្នុងសប្តាហ៍នេះ ហើយប្រសិនជាសាលាណាមានការរាយការណ៍ពីការឆ្លង សាលានោះនឹងត្រូវបិទភ្លាមៗតែម្តង។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួន ១១.១១០នាក់ ដោយក្នុងនោះមាន ១០.០៦៦នាក់បានជាសះស្បើយ ខណៈ ២៦៣នាក់បានស្លាប់៕