ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឆ្នាំ២០១៩ ក្រសួង​សេដ្ឋកិច្ច ប្រមូល​ចំណូល​បាន ២៧.១៥៩ ប៊ី​លាន​រៀល 

227

 

​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាសថា វឌ្ឍនភាព​ប្រចាំឆ្នាំ​២០១៩ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣ សម្រេចបាន​ល្អប្រសើរ​ដោយ ប្រមូល​ចំណូល សម្រេចបាន ១២៨,២​ភាគរយ នៃ​ច្បាប់​ថវិកា​ឆ្នាំ​២០១៩ ឬ​ស្មើនឹង ២៧.១៥៩ ប៊ី​លាន​រៀល និង​ចំណាយ​ថវិកាជាតិ សម្រេចបាន ៩៥,៤​ភាគរយ ឬ​ស្មើ​១៩.៧៥១ ប៊ី​លាន​រៀល (​ទិន្នន័យ​បណ្ដោះអាសន្ន​)​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​កា​រ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ តាមរយៈ​ប្រព័ន្ធ​វី​ឌី​អូ ដោយ​ប្រើប្រាស់​ប្រព័ន្ធ Intranet របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, នា​ព្រឹក​ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង ០៩:០០​នាទី​ព្រឹក​, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឲ្យ​ដឹង​បន្តថា ប្រព័ន្ធ​គណនេយ្យភាព​ហិរញ្ញវត្ថុ ត្រូវបាន និង​កំពុង​កសាង តាមរយៈ​ការដាក់​ឲ្យ​ប្រើប្រាស់ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​ការ​គ្រេប់​គ្រង ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ជំ​ហ៊ាន​ទី​១ និង​ទី​២ ។ មកដល់ពេលនេះ​, ប្រព័ន្ធ FMIS ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នៅ​ថ្នាក់កណ្ដាល នៃ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថ​, រតនាគារ​រាជា​ធានី​-​ខេត្ត មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រាជធានី​-​ខេត្ត​និង​ក្រសួង​-​ស្ថាប័ន​ចំនួន​៣៧ ។​

​ឯកឧត្តម បាន​បន្តថា ការពង្រឹង​និង​ពង្រីក ការអនុវត្ត​ថវិកា​កម្មវិធី ជា​មូលដ្ឋានគ្រឹះ​សម្រាប់​រៀបចំ និង​កំណត់​ការផ្លាស់ប្ដូរ ប្រព័ន្ធ​ថវិកា​កម្ពុជា ដើម្បី​ក្លាយជា​ឧបករណ៍ សម្រាប់​ការផ្សារភ្ជាប់​ថវិកា ទៅនឹង​គោលនយោបាយ ។ គិត​ត្រឹម​ឆ្នាំ​២០១៩ ថវិកា​កម្មវិធី ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​គ្រប់​ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាលខេត្ត​ចំនួន ១៨ ហើយ​រដ្ឋបាល​រាជធានី​-​ខេត្ត ផ្សេងទៀត នឹងត្រូវ​ដាក់​ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់ រហូតដល់​ឆ្នាំ​២០២១ ។​

​សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់ថា សម្រាប់​ការត្រៀមខ្លួន​ជំហាន​បន្ទាប់ ឬ​គណនេយ្យភាព​សមិទ្ធកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាននិងកំពុង​រៀបចំ​ច្បាប់​ស្ដីពី ប្រព័ន្ធ​ហិរញ្ញវត្ថុ​ថ្មី​, កែសម្រួល​អនុក្រឹត្យ ៨១ អនក្រ​.​បក ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៩៥ ស្ដីពី​ការបង្កើត​ការត្រួតពិនិត្យ​ហិរញ្ញវត្ថុ លើ​ចំណាយ​ថវិការដ្ឋ​នៅតាម​ក្រសួង ខេត្ត ក្រុង ក្រុង​ស្វយ័ត រាជធានី​ភ្នំពេញ និង​អង្គការ​សាធារណៈ និង​អនុក្រឹត្យ​លេខ ៨២ អនក្រ​.​បក ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៩៥ ស្ដីពី​បទបញ្ជា​ទូទៅ នៃ​គណនេយ្យ​សាធារណៈ ។ ទន្ទឹមនឹងនេះ​, រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ឲ្យ​អនុវត្ត យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់ ប្រព័ន្ធ​ថវិកា ឆ្នាំ​២០១៨-២០២៥ យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ ២០១៩-២០២៣ យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឆ្នាំ​២០១៩-២០២៥ យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម សាធារណៈ​ឆ្នាំ​២០២៩-២០២៥ យុទ្ធសាស្ត្រ​ស្ដីពី​ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​ការវិនិយោគ​សាធារណៈ​ឆ្នាំ ២០១៩-២០២៥ និង​យុទ្ធសាស្ត្រ​ស្ដីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ​២០១៩-២០២៣ ហើយ​យុទ្ធសាស្ត្រ​នីមួយៗ មាន​ផែនការ​សកម្មភាព​លម្អិត ដើម្បី​ឲ្យ​ការអនុវត្ត​ប្រក​ដ​ដោយ​ស្មារតី ទទួលខុសត្រូវ ប្រសិទ្ធភាព​និង​ស័ក្តិ​សិទ្ធ​ភាព ។​

​ជា​យន្តការ​សម្រាប់​ការគាំទ្រ ការអនុវត្ត​កម្មវិធី កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ប្រក​ដ​ដោយ​ជោគជ័យ និង​ចីរភាព ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បណ្ដុះបណ្ដាល មន្ត្រីរាជការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង ស្ថាប័ន ចំនួន ១០៥៩ លើ​ជំនាញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​កំពុង​រៀបចំ​ការបណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការកសាង និង​អភិវឌ្ឍ​សមត្ថភាព ក្នុង​ក្របខ័ណ្ឌ​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ​ដំណាក់កាល​ទី​៤ ។​

​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព ដំណាក់កាល​ទី​៣ ឆ្នាំ​២០១៦ -២០១៩ និង​ការត្រៀម​រៀបចំ​ក្របខ័ណ្ឌ​ផែនការ​សកម្មភាព​រួម​ដំណាក់កាល​ទី​៤ គឺ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣ ឆ្នាំ​២០១៦ -២០១៩ សម្រេចបាន​វឌ្ឍនភាព​តាម​ការគ្រោងទុក ជាពិសេស​លើ​ការរៀបចំ​យុទ្ធសាស្ត្រ ផែនការ និង​គោលការណ៍​ណែនាំ ដែល​បាន​បង្កើតជា​មូលដ្ឋានគ្រឹះ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​។​

​ជាមួយគ្នានេះ ក្រសួង​សេដ្ឋកិច្ច ក៏​បាននិងកំពុង​រៀប​ចំ​របាយការណ៍​វាយតម្លៃ​ចំណាយ​សាធារណៈ និង​គណនេយ្យភាព​ហិរញ្ញវត្ថុ (PEFA) ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ពី​ឆ្នាំ​២០២០ ដែលមាន​ការគាំទ្រ​ជា​ជំនួយ​បច្ចេកទេស ពី​សហភាព​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​គ្រោង​បញ្ចប់​ក្នុង​ឆ្នាំ​២០២០​នេះ​។ លទ្ធផល​នៃ​ការវាយតម្លៃ​ការអនុវត្ត​ផែនការ​សកម្មភាព រួម ដំណាក់កាល​ទី​៣ និង​PEFA នឹង​ក្លាយជា​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​រៀបចំ​ក្របខ័ណ្ឌ​ផែនការ​សកម្មភាព​រួម ដំណាក់កាល​ទី​៤​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ណែនាំ​គ្រប់​អង្គភាព​ក្រោម​ឱវាទ ក្រសួង​សេដ្ឋកិច្ច បន្ត​ជំរុញ​ការអនុវត្តន៍​ផែនការ​សកម្មភាព​រួម ដំណាក់កាល​ទី​៣ និង​ការងារ​ប្រទាក់ក្រឡា​គ្នា​រវាង​ការដ្ឋាន​កែទម្រង់​បី បូក​មួយ (​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ វិមជ្ឈការ និង​វិសហមជ្ឈការ រដ្ឋបាល​សាធារណៈ និង​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​) ៕​

អត្ថបទដែលជាប់ទាក់ទង