ប្រជាពលរដ្ឋម្នាក់ធ្វើដំណើរទៅប្រករបរចិញ្ចឹមជីវិតនៅក្នុងព្រៃ ក្នុងតំបន់សំឡូត ជាន់ចំគ្រាប់មីនផ្ទុះរងរបួសជើង
បាត់ដំបង៖ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋ
នៅក្នុងមូលដ្ឋានស្រុកជាប់ព្រំដែន (សំឡូត) នៅឡើយ ខណៈប្រជាពលរដ្ឋម្នាក់ធ្វើដំណើរទៅប្រករបរចិញ្ចឹមជីវិតនៅក្នុងព្រៃ
ជាន់ចំគ្រាប់មីនផ្ទុះរងរបួសជើង។
ពីល្ងាចថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទី ប្រជាពលរដ្ឋឈ្មោះពុធ វ៉ាន់ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិអូរនាង
ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ដោយករណីផ្ទុះគ្រាប់មីនប្រភេទ៦៩នៅត្រង់ចំណុចអូរត្រជាក់ចិត្ត
ស្ថិតក្នុងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលទីនោះមានចម្ងាយប្រមាណ៥គីឡូម៉ែតពីប៉ុស្តិព្រំដែនពាមតា
ផ្លូវបំបែកនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត ក្នុងខណៈប្រជាពករដ្ឋរូបនេះធ្វើដំណើរ
ទៅប្រករបរចិញ្ចឹមជីវិតនៅក្នុងព្រៃចំណុចខាងលើនោះ។
ក្នុងពេលជួបឧប្បត្តិហេតុនេះ បានបណ្តាលឱ្យជើងខាងស្តាំរបស់គាត់ ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ(ដាច់ជើងខាងស្តាំ) ។ ដោយសារស្ថាន
ភាពភូមិសាស្រ្តឆ្ងាយ នឹងផ្លូវពិបាកធ្វើដំណើរចាប់តាំងពីពេលកើតហេតុ រហូតដល់ម៉ោង៦និង២០នាទីព្រឹកថ្ងៃទី ២២ ខែ ឧសភាឆ្នាំ២០២០
ទើបសមត្ថកិច្ចនគរបាលនៅមូលដ្ឋាន ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ នាំយករូបគាត់មកដល់ទីតាំង
ដែលមានមធ្យោបាយដឹកនាំគាត់ ទៅកាន់មន្ទីរពេទ្យនៅមូលដ្ឋាននោះ។
សូមជម្រាបជូនថា ក្នុងមូលដ្ឋានស្រុកសំឡូត ក៏ដូចជាមូលដ្ឋានស្រុកមួយចំនួនទៀត ដែលជាអតីតសមរភូមិប្រយុទ្ធពីអតីតកាល
នៅតែមានយុទ្ធភណ្ឌមិនទាន់ផ្ទុះ ស្ថិតនៅរាយប៉ាយ ក្នុងដីនៅឡើយ ហើយបញ្ហានេះនៅតែជាក្តីកង្វល់និងបញ្ហាប្រឈម សម្រាប់
ប្រជាពលរដ្ឋដែលមានមុខរបរ ចេញ ចូលនៅចំណុចឬទីតាំងទាំងនោះ៕ដោយ៖កូឡាប