យន្តហោះដឹកមនុស្ស ១០៧នាក់ ធ្លាក់នៅទីក្រុងការ៉ាជី នៃប្រទេសប៉ាគីស្ថាន
ការ៉ាជី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ដែលមានផ្ទុកមនុស្សសរុប ១០៧នាក់ (ក្នុងនោះអ្នកដំណើរ ៩៩នាក់ និងអ្នកបម្រើការងារ ០៨នាក់) បានធ្លាក់លើតំបន់លំនៅឋាន របស់ប្រជាជន ស្ថិតក្នុងទីក្រុងការ៉ាជីភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ CNA នៅមុននេះបន្តិចនាល្ងាចថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។
យន្តហោះខាងលើនេះមានជើងហោះហើរ PK 8303 បានធ្លាក់តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលប៉ាគីស្ថាន សម្រេចដកបំរាមហោះហើរចេញវិញ។ ពេលនេះទាហាន និងក្រុមសង្គ្រោះបន្ទាន់ កំពុងព្យាយាមសម្រុកទៅកាន់កន្លែងកើតហេតុ ខណៈផ្សែងយ៉ាងខ្មួលខ្មាញ់ ត្រូវបានគេមើលឃើញនៅកន្លែងយន្តហោះនោះធ្លាក់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ អំពីជោគវាសនានៃមនុស្ស ទាំងអស់នៅលើយន្តហោះ និងមូលហេតុដែលវាធ្លាក់នៅឡើយទេ៕