ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាប់ចោទជាកូនត្រូវចាប់ខ្លួន ក្រោយប្រើអំពើហិង្សាមានស្ថានទម្ងន់ បណ្តាលឲ្យឪពុកស្លាប់

112

 

បន្ទាយមានជ័យ ៖ បន្ទាប់ពីកើតមានអំពើហិង្សាមានស្ថានទម្ងន់ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យជនរងគ្រោះស្លាប់។ លោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យ លោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឧបានដឹកនាំកងកម្លាំងនគរបាលអធិការដ្ឋានស្រុកថ្មពួក អធិការដ្ឋានស្រុកស្វាយចេក អធិការដ្ឋានស្រុកព្រះនេត្រព្រះ អធិការដ្ឋានស្រុកភ្នំស្រុក និងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យជាកូនបានប្រើហិង្សាមានស្ថានទម្ងន់ បណ្តាលឲ្យជនរងគ្រោះជាឪពុកបង្កើតបានស្លាប់ ហើយរត់គេចខ្លួននោះ។នៅវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលចាប់ឃាត់ខ្លួនបាននៅភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ៖ ក្រោយពីទទួលបាននូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកងកម្លាំងនគរ​បាលអធិការដ្ឋានស្រុកថ្មពួក អធិការដ្ឋានស្រុកស្វាយចេក អធិការដ្ឋានស្រុកព្រះនេត្រព្រះ អធិការដ្ឋានស្រុកភ្នំស្រុក និងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ថន ធួន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិគោខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ដែលបានប្រើហិង្សាមានស្ថានទម្ងន់ បណ្តាលឲ្យឪពុកបង្កើតរបស់ខ្លួនឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ស្លាប់ខណៈដឹកទៅមន្ទីរពេទ្យ។

លោកស្នងការរងបានបន្តថា ៖ ឆ្លងតាមការស្រាវជ្រាវជុំវិញករណីនៃអំពើហិង្សានេះ នៅមុនពេលកើតហេតុជនសង្ស័យជាកូនឈ្មោះ ថន ធួន នៅយប់កើតហេតុបានខលទូរស័ព្ទមកឪពុកពីភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ដែលខ្លួនបានធ្វើការងារសំណង់ទីនោះមកឪពុកសួរនាំពីរឿងប្រពន្ធរបស់ខ្លួន តែឪពុកមិនបានលើកទូរស័ព្ទ បន្ទាប់ជនសង្ស័យជាកូនបានមកដល់ផ្ទះក៏មានការឈ្លោះប្រកែកគ្នាជាមួយឪពុក ពេលនោះមានឈ្មោះ កន ប៊ូ អាយុ៥៦ឆ្នាំ ជាម្តាយបានហាមឃាត់កុំអោយឈ្លោះប្រកែកគ្នា ពេលនោះស្រាប់តែឈ្មោះ ថន ធួន ជាកូនបង្កើតបានខឹងទប់កំហឹងពុំបាន រហូតឈានដល់ប្រើអំពើហិង្សា ដោយយកអង្រែឈើប្រវែងប្រវែងប្រមាណ១,៣០ម រកវាយឪពុក ហើយក៏មានការប្រតាយប្រតប់គ្នា បណ្តាលឲ្យជនរងគ្រោះជាឪពុកបានដួលផ្កាប់មុខ បាក់ខ្ទង់ច្រមុះ និងដាច់សរសៃខួរក្បាលស្លាប់ ខណៈដឹកទៅមន្ទីរពេទ្យ ។លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា ៖ ជនសង្ស័យឈ្មោះ ថន ធួន ជាកូន បានបង្កហិង្សាមានស្ថានទម្ងន់ បណ្តាលឲ្យជនរងគ្រោះជាឪពុកស្លាប់ បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង