បង្ក្រាបបទល្មើសគ្រឿងញៀន ជិត ៤ គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យ ២នាក់
កំពង់ស្ពឺ ៖ សមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបទល្មើសគ្រឿងញៀន ជិត ៤ គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យ ២នាក់ ។
អនុវត្តតាមការបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឡឹក វណ្ណៈ នាយកមន្ទីរប្រគ្រឿងញៀន ។
កម្លាំងជំនាញ ក៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស្រាវជ្រាវ និងឈានទៅ ប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿង ញៀនខុសច្បាប់ក្នុងខេត្តកំពង់ស្ពឺ ៣គោលដៅផ្សេងគ្នា:
គោលដៅទី១: នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ ការិយាល័យ(ក៤)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់, មានការសម្របសម្រួល ដោយលោកព្រះរាជអាជ្ញារង អ៊ូ ផាត និងមានការចូលរួមផងដែរ ពីស្នងការដ្ឋាននគរបាលខេត្ត បង្ក្រាបនៅណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ហេង សុថានិត ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិ ខ្មែរ ដោយវត្ថុតាងចាប់យកបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់៤១១,៥៦ក្រាម ។
ចំណែកគោលដៅទី២ នៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ បូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ សេង ជែមជីមី ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យកបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់៣២៦៧,០៦ក្រាម គ្រឿនញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA)ទម្ងន់១៧,៥០ក្រាម ឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿង និងថង់ច្រកថ្នាំមួយចំនួន។
រីឯគោលដៅទី ៣ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបន្តស្រាវជ្រាវ បានចាប់យកវត្ថុតាង បន្ថែម ប្រភេទមេតំហ្វេតាមីន(ICE) ២៥១,៦៨ក្រាម ទៀត ។ សរុបទាំងបីគោលដៅ មន្ទីរប្រឆាំងគ្រឿងញៀនឃាត់មនុស្ស ២នាក់
គ្រឿងញៀន សរុប ៣.5៥៣៦,២៤ក្រាម គឺ១-មេតំហ្វេតាមីន(ICE)ទម្ងន់ ៣.៥១៨,៧៤ក្រាម ។ ២-អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ១៧,៥០ក្រាម ឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿង និងថង់ច្រកថ្នាំមួយចំនួន។ ផ្លាកលេខរថយន្ត២បន្ទះ ៕