នារីស្រស់ស្អាតម្នាក់ បើករថយន្ត ស៊េរីទំនើប អត់ផ្លាកលេខ និងនិយាយទូរស័ព្ទ ប៉ូលិសហៅឈប់ត្រួតពិនិត្យ បែរជាបើកបុកប៉ារ៉ាស់
ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ បើកបររថយន្ត ស៊េរីទំនើប អត់ផ្លាកលេខ និងនិយាយទូរស័ព្ទ ជិះមកដល់គោលដៅសមត្ថកិច្ចនគរបាលត្រួតពិនិត្យច្បាប់ចរាចរណ៍ ដោយឃើញរថយន្តអត់ផ្លាកលេខ ហើយអ្នកបើកបរនិយាយទូរស័ព្ទ សមត្ថកិច្ចបានហៅឲ្យចូលក្នុងប៉ារ៉ាស់ តែមិនព្រមចូល បានបើកគេច រត់ចង្ងាយជាង៥០០មែត្រ ពីគោលដៅទើបកម្លាំងឃាត់ជាប់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៦និង៣០នាទី ល្ងាចថ្ងៃទី២៣ ឧសភា ២០២០ នៅចំណុចស្តុកផ្សារដើមគរ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នារីរូបស្រស់ខាងលើនិងអ្នករួមដំណើរស្ត្រីម្នាក់ទៀត មិនត្រូវគេ ស្គាល់អត្តសញ្ញាណនោះទេ បើកបររថយន្តម៉ាក MG ស៊េរីទំនើប ២០២០ ពណ៌ខ្មៅ មិនមានផ្លាកលេខ។
ក្រោយពីឃាត់បាននារីរូបស្រស់ នោះមិនព្រមចុះពីរថយន្ត មកនិយាយជាមួយសមត្ថកិច្ចនោះទេ ទាល់តែសមត្ថកិច្ចប្រាប់ថា បើមិនចុះ និងយករថយន្តស្ទួចលើកទាំងមនុស្ស ទើបនារីរូបស្រស់នោះ ព្រមចុះពីដៃចង្កូតឡើងទៅអង្គុយខាងក្រោយ ឲ្យសមត្ថកិច្ចជាអ្នកបើក យកទៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕