ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាស់ផលប្រយោជន៍ រឿង​កាក់​បញ្ឈប់​រឺ​ម៉ក​ដឹកឈើ ទារលុយ បុគ្គលិក​សារព័ត៌មាន ២អង្គភាព បង្កើតប្រឌិត​រឿង ​ទម្លាក់កំហុស ទៅលើ​សមត្ថកិច្ច​

64

 

​បាត់ដំបង​៖ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ករណី ក្បាច់​ថ្មី​ទៀតហើយ​! បុរស​៤​នាក់​ជិះ​រថយន្ត​មួយគ្រឿង​តាំងខ្លួន​ជា​មន្ត្រី​ជំនាញ​ផង កាសែត​ផង ធ្វើការ​ឃាត់​រឺ​ម៉ក​ដឹកឈើ​ផ្អើល​អ្នកភូមិ​ចេញមក​មើល រួចមក ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ស្រាវជ្រាវ​អត្តសញ្ញាណ​បុរស​៤​នាក់​ដែល​កាត់​រឺ​ម៉ក​ដឹកឈើ គឺជា​ទំនាស់​រវាង​ក្រុម​អ្នកសារព័ត៌មាន​ចំនួន​២​ក្រុម ដែល​មួយក្រុម មកពី​អង្គភាព​សារព័ត៌មាន “​គេហទំព័រ សៀមរាប​ទាន់​ហេតុការណ៍ “ មាន​គ្នា​ចំនួន​៤​នាក់ ហើយ​ម្ខាង​ទៀត នៅ​អង្គភាព​”​សារព័ត៌មាន​នគរធំ​”​។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ជម្រាបជូន​សាធារណជន ពិសេស​បងប្អូន​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាបថា កាលពី​ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២០ អង្គភាព​សារព័ត៌មាន​ឈ្មោះថា SKY NEWS ដែល​បានចេញ​ផ្សាយ​ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ​២០២០ មាន​ចំណងជើង​ថា (​ក្បាច់​ថ្មី​ទៀតហើយ​! បុរស​៤​នាក់​ជិះ​រថយន្ត​មួយគ្រឿង តាំងខ្លួន​ជាម​ន្ត្រី​ជំនាញ​ផង កាសែត​ផង ធ្វើការ​ឃាត់​រឺ​ម៉ក​ដឹកឈើ​ផ្អើល​អ្នកភូមិ​ចេញមក​មើល​)​។ ក្រៅពី​លើកឡើង​នូវ​ចំណងជើង​នេះ សារព័ត៌​ខាងលើ បានធ្វើការ​ផ្សព្វផ្សាយ​នូវ​រូប​ភាពជា​វីដេអូ បង្ហាញមុខ​បុរស​ជា​ម្ចាស់​រឺ​ម៉ក​ដឹកឈើ និង​រូបថត​បុរស​ម្នាក់ ដែលមាន​ឈ្មោះថា កៅ ពិ​សិ​ដ្ឋិ ជាមួយ​នោះ​ផងដែរ ។​

​ដោយ​ទទួលបាន​នូវ​ព័ត៌មាន​បែបនេះ និង​ដោយ​ទទួលបាន​នូវ​អនុសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចាត់តាំង​ឱ្យធ្វើ​ការស្រាវជ្រាវ​ជាបន្ទាន់ ចំពោះ​ជនសង្ស័យ​មួយក្រុម ប្រើប្រាស់​រថយន្ត​មួយគ្រឿង ដែល​ត្រូវ​បានបង្ហាញ​នូវ​អង្គ​ហេតុថា ជា​ក្រុម​ដែល​ប្រើ (​ល្បិច​ថ្មី​ក្នុង​សកម្ម​ភាពមិនប្រក្រតី​ណាមួយ​ក្នុង​មូលដ្ឋាន​) ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ឆ្លងតាម​រយៈ​នៃ​ការស្រាវជ្រាវ​នៅ​ថ្ងៃទី​២៤ ខែ ឧសភា ឆ្នាំ​២០២០ នេះ​ទទួលបាន​លទ្ធផល​យ៉ាង​ដូច្នេះ​គឺ​៖ ខ្លឹមសារ​លើកឡើង​ខាងលើ គឺ​បាន​ផ្តើមឡើង​ដោយសារ​ទំនាស់ រវាង​ក្រុម​អ្នកសារព័ត៌មាន​ចំនួន​២​ក្រុម ដែល​មួយក្រុម មកពី​អង្គភាព​សារព័ត៌មាន “​គេហទំព័រ សៀមរាប​ទាន់​ហេតុការណ៍ “ មាន​គ្នា​ចំនួន​៤​នាក់​ដោយមាន​ឈ្មោះ កៅ ពិ​សិ​ដ្ឋិ ជា​អ្នក​ចេញមុខ ហើយ​ម្ខាង​ទៀត​ឈ្មោះ តន់ ប៊ុន​ថេត នៅ​អង្គភាព​”​សារព័ត៌មាន​នគរធំ​” ដែល​ករណីនេះ កើតឡើង​ដោយសារ​ក្រុម​អ្នកសារព័ត៌មាន គេហទំព័រ​សៀមរាប​ទាន់​ហេតុការណ៍ បាន​កាក់ បញ្ឈប់​ម្ចាស់​រឺ​ម៉ក​ដឹកឈើ​មួយ នៅ​ចំណុច​ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ​២០២០ ហើយ​ក្នុងពេល​កាក់​សាកសួរ​នេះ ម្ចាស់​រឺ​ម៉ក​បាន​ទូរស័ព្ទ​ទៅប្រាប់​ឈ្មោះ តន់ ប៊ុន​ថេត អំពី​រឿងនេះ ហើយ​កកើត​ទៅជា​ជម្លោះ​ពាក្យសម្តី​រហូត​យកទៅ​ធ្វើ​ការផ្សព្វផ្សាយ អំពី​សកម្មភាព​មិនល្អ​ពីគ្នា​ទៅវិញទៅមក ក្នុង​បណ្តាញ​សង្គម​និង​គេហទំព័រ​រៀងៗ​ខ្លួន​។​

​នៅ​ចុងក្រោយ ភាគី​ជម្លោះ​បាន​កែខៃ ច្នៃប្រឌិត​ឱ្យ​ខ្លឹមសារ នៃ​ការចោទប្រកាន់​គ្នា​នេះ ធ្លាក់​ទៅដល់​កម្រិត នៃ​ការមន្ទិលសង្ស័យ​ពី​សំណាក់​សមត្ថកិច្ច​ចំពោះ​សកម្មភាព​ខាងលើ ហើយ​ជាហេតុ​បង្ក​ឱ្យ​កើត​នូវ​បញ្ហា​អសន្តិសុខ បង្ក​ភាពចលាចល​វឹកវរ​នៅក្នុង​សង្គម ដែល​ចាំបាច់​សមត្ថកិច្ច​នគរ​បាល ត្រូវតែ​ចាត់វិធានការ​ស្រាវជ្រាវ​ជាបន្ទាន់​។​

​នៅ​ទីបំផុត អ្នកសារព័ត៌មាន​អាជីព​ទាំងសងខាង បានបង្ហាញ​ការពិត នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ដោយសារតែ​កំហឹង​និង​ការ​សងសឹក ទើប​គាត់​ធ្វើបែបនេះ​ដាក់គ្នា ។​

​ដើម្បី​ចៀសវាង​នូវ​សកម្មភាព (​បំពុល​) បែបនេះ​ទៀត ថ្នាក់ដឹកនាំ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង​បង្គាប់​ឱ្យ​ការិយាល័យ​ជំនាញ ធ្វើ​កំណត់ហេតុ អប់រំ​ណែនាំ និង​កិច្ចសន្យា​ពួកគាត់ ដែលជា​អ្នកសារព័ត៌មាន​អាជីព កុំឱ្យ​បន្ត​ប្រព្រឹត្តិ​នូវ​សកម្មភាព​បែបនេះ​តទៅទៀត សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​សាធារណជន​មេត្តា​ជ្រាប ដោយ​សេចក្តី​គោរព​៕​

អត្ថបទដែលជាប់ទាក់ទង