សត្វទន្សោងមួយក្បាលងាប់ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ដោយសារជាប់អន្ទាក់ព្រានព្រៃ
ព្រះវិហារ ៖ សត្វទន្សោងឈ្មោលមួយក្បាលបានងាប់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។
ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តព្រះវិហារ បានសរសេរសារលើហ្វេសប៊ុកថា “ពិតជាគួរឲ្យសោកស្ដាយណាស់។ សត្វទន្សោងឈ្មោលពិការជើងមួយក្បាល បានងាប់នៅក្នុងដែនជម្រកសត្វព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ មានស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ផង ទោះបីក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។ សូមបងប្អូនចូលរួមអភិរក្សទាំងអស់គ្នាដើម្បីក្មេងជំនាន់ក្រោយ”។
សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះ ត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្ត្រចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វ ទន្សោងនេះបានស្លាប់បាត់បង់ជីវិត។ សពសត្វទន្សោងនេះត្រូវបានមន្ត្រីឧទ្យានុរក្សនិងសហគមន៍ព្រៃសង្ឃ រុក្ខវ័នដឹកនាំដោយព្រះអង្គ ប៊ុន សាលួត បញ្ចុះនៅស្នាក់ការកណ្តាលរបស់ព្រះអង្គ។
បើតាមក្រសួងបរិស្ថាន បានឲ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃព្រះរកា មន្ត្រីឧទ្យានុរក្ស បានចុះល្បាត និងសិក្សាស្រាវជ្រាវអំពីវត្តមានសត្វព្រៃ នៅចំណុចព្រៃជាំព្រលាន ស្ថិតនៅភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា ដោយជាអកុសល ក្រុមការងារបានប្រទះឃើញក្បាលសត្វខ្ទីង១ក្បាល អាយុប្រមាណ ០៥ឆ្នាំ បន្សល់ពីការបាញ់សម្លាប់ដោយអញ្ញាតជន។
បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្ដព្រះវិហារ បាននិងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីយកមកផ្តន្ទារទោសតាមច្បាប់។ ដោយឡែក នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីគម្រោងព្រៃឡង់បៃតង និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបង្កនសែនជ័យ បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ចំនួន៤គ្រឿង ដើម្បីថតវត្តមានសត្វព្រៃ នៅតំបន់ត្រពាំងម៉ឺនពេជ្រ ស្ថិតក្នុងភូមិសាស្ត្រភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ៕