ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តនូវ វិធានការ៣ចំណុច ចំពោះអ្នកមិនបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងក្នុងដំណាក់កាលអន្តរកាលនេះ

99

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តនូវវិធានការចំនួន៣ចំណុច ចំពោះអ្នកមិនបានបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាលនេះ ដោយដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចេញបញ្ជីឈ្មោះអ្នកមិនបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងជាសាធារណៈតាមបណ្ដាញសង្គមប្រព័ន្ធផ្សព្វផ្សាយនានា ការកត់ត្រាជាបំណុលឲ្យអនុវត្តវិធានការរដ្ឋបាលដោយបិទអាជីវកម្មឬសេវាកម្មជាបណ្ដោះអាសន្ននិង ការអនុវត្តវិធានការផ្សេងៗទៀតទៅតាមការចាំបាច់។

   នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការជំរុញការ បង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាល របស់ដ្ឋបាលរាជធានីភ្នំពេញ ដែលអ្នកព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី២៥ ឧសភានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា

   រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មសេវាកម្មនិងស្ថាប័នឯកជនទាំងអស់ដែលប្រើប្រាស់សេវាប្រមូលសំរាមនិងសំណល់រឹងទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា ក្រោយពីបានចាប់ផ្ដើមអនុវត្តទទួលការបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិចរហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញឃើញថា មានបងប្អូនប្រជាពលរដ្ឋភាគច្រើនបានបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងរួចហើយ ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនេះនៅឡើយទេ។

   អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងសូមរួសរាន់មកបង់ថ្លៃសេវាប្រមូលសំរាមឱ្យបានទាន់ពេលវេលា បើពុំដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម

  បញ្ចេញបញ្ជីឈ្មោះអ្នកមិនបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងជាសាធារណៈតាមបណ្ដាញសង្គមប្រព័ន្ធផ្សព្វផ្សាយនានា។

  កត់ត្រាជាបំណុលឲ្យអនុវត្តវិធានការរដ្ឋបាលដោយបិទអាជីវកម្មឬសេវាកម្មជាបណ្ដោះអាសន្ន

  អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។

  ទទួលបានសេចក្តីជូនដំណឹងនេះសូមបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មសេវាកម្មនិងស្ថាប័នឯកជនទាំងអស់នៅរាជធានីភ្នំពេញមេត្តាជ្រាបនិងអនុវត្តឲ្យមានប្រសិទ្ធភាព៕

 

អត្ថបទដែលជាប់ទាក់ទង