ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនក្រោយពី ធ្វើសកម្មភាពដាក់ថ្នាំសណ្តំលួចយកកាបូបលុយ
ភ្នំពេញ កម្លាំងខណ្ឌចំការមនបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ក្រោយពីធ្វើសកម្មភាពដាក់ថ្នាំសណ្តំទៅលើបុរសរត់កង់បីម្នាក់ហើយបម្រុងរត់គេចខ្លួនតែត្រូវអ្នករត់កង់បីជិតខាងឃើញទាន់ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ ទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០ នៅតាមបេតុងផ្លូវ៤៣៦ សង្កាត់បឹងត្របែកខណ្ឌចំការមន
ស្ត្រីជនសង្ស័យមានឈ្មោះអ៊ុច ចាន់ថា អាយុ៣៤ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលផ្លូវ ៩៧សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងមានទីលំនៅ នៅភូមិចំរើនផលសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះថនកុសលអាយុ៣៥ ឆ្នាំមុខរបររត់កង់បីស្នាក់នៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ។
លោក ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីជាជនសង្ស័យបានហើយរម៉កកង់បីជិះចេញពីផ្ទះទៅផ្សារបឹងត្របែកបំណង់ទៅតាមដានសង្សាររបស់ខ្លួន ពេលដែលមកដល់ផ្សារបឹងត្របែកស្ត្រីជាជនសង្យ័យបានឲ្យបុរសជាជនរងគ្រោះឈប់ ពេលដែលឈប់រួចស្ត្រីជនសង្ស័យមិនបានចុះពីលើរ៉ឺម៉កកង់បីទេ ហើយអង្គុយរង់ចាំមើល ពេលអង្គុយយូរៗទៅស្ត្រីជាជនសង្ស័យបានឲ្យបានប្រើឱ្យជនរងគ្រោះទៅទិញទឹកក្រូចយកមកផឹក ។
ប្រភពព័ត៌មានបានបន្តទៀតថា ពេលដែលជនរងគ្រោះបានទិញទឹកក្រូចមកដល់ហើយក៏បានចាក់ដាក់កែវ ម្នាក់មួយកែវ ពេលនោះស្ត្រីជាជនសង្ស័យបានលួចដាក់ថ្នាំសណ្តំនៅក្នុងកែវរបស់បុរសដែលជាអ្នករត់កង់បី ហើយក៏ឱ្យបុរសជាអ្នករត់កង់បីផឹកទឹកក្រូចឲ្យអស់មួយកែវ ពេលដែលបុរសរត់កង់បីផឹកដូចបងមួយកែវហើយក៏មានអាការៈទន់រួចក៏សន្លប់ស្តូកស្តឹងពេលនោះស្ត្រីជនសង្ស័យបានធ្វើសកម្មភាពលួចយកកាបូបលុយហើយចុះពីលើកង់បីទៅម្ដុំលូទឹកស្អុយ ពេលនោះក៏មានបុរសជាអ្នករត់កង់បីម្នាក់ដែលនៅក្បែរនោះបានឃើញហេតុការណ៍ក៏ចាប់ស្ត្រីជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចខណ្ឌចំការមនកំពុងតែចុះល្បាតក្នុងមូលដ្ឋានរួចក៏បានដឹកជនសង្ស័យយកមកសួរនាំនៅអធិការដ្ឋានខណ្ឌចំការមន។
នៅចំពោះមុខសមត្ថកិច្ចនារីស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពដាក់ថ្នាំសណ្ដំឱ្យបុរសជាអ្នករត់កង់បីនៅក្នុងកែវទឹកក្រូចពិតប្រាកដមែន
បច្ចុប្បន្នស្ត្រីជាជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។
រីឯនេះឯជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី។