កម្មករ រោងចក្រ ឃែនធឺរេន ជាង ៣០០នាក់ ផ្ទុះការតវ៉ា ពាក់ព័ន្ធនឹងករណីរឿង បើកប្រាក់ខែមិនគ្រប់ចំនួន
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្ការ ទី២៦ ខែឧសភា ឆ្នាំ២០២០ កម្មករ កម្មការិនី រោងចក្រ ឃែនធឺរេន ជាង ៣០០នាក់ ផ្ទុះការតវ៉ាពាក់ព័ន្ធនឹងករណីរឿងបើកប្រាក់ខែមិនគ្រប់ចំនួន ដល់ពួកគាត់ ។ រោងចក្រកាត់ដេរ ឃែនធឺរេនមានទីតាំងស្ថិតទីតាំងតាមបណ្ដោយផ្លូវបេតុងច្រកចូលផ្សារទួលពង្រ ស្ថិតនៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ។
ប្រភពពីតំណាងសហជីពចលនាកម្មករដែលបម្រើការ ងារនៅរោងចក្រខាងលើ បានឲ្យដឹងថា សម្រាប់កម្មករ ដែលត្រូវបានព្យួរការងារ ខាងក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យបានតែ ១២ដុល្លារប៉ុណ្ណោះ ។ ចំណែកកម្មករ ដែលធ្វើការរយៈពេល១ខែពេញ ខាងក្រុមហ៊ុនបើកឲ្យបានតែ៣០ដុល្លារប៉ុណ្ណោះ ។ តួលេខនេះមិនគ្រប់ទៅតាមប្រាក់ឈ្នួលដែលពួកគាត់ត្រូវទទួលបាន នោះទេ។
កម្មការិនីម្នាក់ បាននិយាយថា ប៉ុន្មានខែចុងក្រោយនេះ ថៅកែរោងចក្រ ឃែនធឺរេន តែងតែបើកប្រាក់ឈ្នួលឲ្យកម្មករយឺតយ៉ាវ និងមិនគ្រប់ ជាហេតុនាំឲ្យកម្មករផ្ទុះការតវ៉ា មិនព្រមធ្វើការជាបន្តបន្ទាប់ ដោយទាមទារឲ្យមានការ បើកប្រាក់ឈ្នួលឲ្យបានគ្រប់ និងទៀងទាត់ដូចកាលពីពេលកន្លងមក។
នាង បាននិយាយបន្តថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធឺរេនមានកម្មករសរុបចំនួន ជាង១០០០នាក់ ហើយថៅកែ បានធ្វើការប្តូរវេនគ្នា ។ នាង បានស្នើសុំឲ្យថៅកែរោងចក្រ បើកប្រាក់ខែឲ្យកម្មករឲ្យអស់ក្នុងនៅខែមេសា ព្រោះខែក្នុងខែមេសា មិនទាន់បានបើកអស់ទេ ។ បន្ទាប់ពីមានការតវ៉ា គេឃើញថៅកែរោងចក្រ បានចេញមកអើតមើលមួយភ្លែត ប៉ុន្តែមិនមានដំណោះស្រាយអ្វីនោះទេ ប៉ុន្តែបានកោះហៅក្រុមកម្មករទៅខាងក្នុងរោងចក្រ ប៉ុន្តែក្រុមកម្មករមិនទៅ ៕