នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានស្នងការទាំងអស់មិនត្រូវដាក់បារ៉ាស់ស្ទាក់ចាប់រថយន្ដគ្រប់ប្រភេទ ដោយមិនមានបទល្មើសនៅលើផ្លូវនោះទេ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការព្រមានជាចុងក្រោយដល់ស្នងការគ្រប់រាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ ដើម្បីស្ទាក់ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈរថយន្ត កំពុងធ្វើចរាចរណ៍ធម្មតាដោយពុំមានខុសនឹងបទល្មើសច្បាប់ចរាចរណ៍។
ការព្រមានរបស់អគ្គស្នងការនគរបាលជាតិរូបនេះ គឺបានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរខ្លះ មានការថ្នាំងថ្នាក់ចំពោះ នឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់នៅតាមផ្លូវដោយចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវ ដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈរថយន្តទាំងនោះ កំពុងធ្វើការបើកបរធម្មតា នៅតាមដងផ្លូវនោះ។
នេះបើតាមរយៈសារសំឡេងក្នុងតេលេក្រាម នាយឧត្ដមសេនីយ៏នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបាន បញ្ជាទៅគ្រប់ស្នងការខេត្ដ,រាជធានី នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងម ហាផ្ទៃ បានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ថ្មី ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ខណៈ កាលពីឆ្នាំ២០១៩ កន្លងទៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមនុស្សជិតពីរពាន់នាក់ បានស្លាប់ និងរាប់ម៉ឺននាក់បានរងរបួសធ្ងន់–ស្រាល។ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺរាជរដ្ឋាភិបាលធ្វើឡើងដើម្បីគុណប្រយោជន៍របស់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ពួកគាត់តែប៉ុណ្ណោះមិនមែនធ្វើឡើងដើម្បីសង្កត់ករ ឬក៏ធ្វើបាបជីវភាពរបស់ប្រជាពលរដ្ឋនោះឡើយ។ ក្រោយពីរនគរបាលចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល២៥ថ្ងៃ មកនោះនគ របាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៣៦៧៩៩គ្រឿង ក្នុងនោះម៉ូតូ ២៦៧៨២គ្រឿង និងរថយន្តជាង១ម៉ឺនគ្រឿង ។ យ៉ាងណាក៏ដោយនៅក្នុងអំឡុងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ក៏បានធ្វើឲ្យប្រជាពលរដ្ឋ មួយចំនួនមានការមិនពេញចិត្តចំពោះបារ៉ាស់ របស់នគរបាល នៃខេត្តមួយចំនួនដែលបានដាក់ដើម្បីស្ទាក់ចាប់ពួកគាត់ដែលពុំមានខុសនឹងច្បាប់ចរាចរណ៍ផងដែរនោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីនាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋ កាន់តែច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្រោយពីរាជរដ្ឋា ភិបាលបានរឹតបន្តឹងខ្លាំងចំពោះការអនុវត្តច្បាប់ ដោយរយៈពេលជិតមួយខែមកនេះបន្ទាប់ពីរឹតបន្តឹងនោះកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសបានច្រើនផងដែរ៕ ស,រ