ដំណើរការរៀបចំព្រលានយន្តហោះនៅបាត់ដំបង ពុំមានឧបសគ្គច្រើន ត្រូវដោះស្រាយនោះទេ
បាត់ដំបង៖ មន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា បានមានប្រសាសន៍លើកឡើងថា ក្រុមការងារកំពុងចុះរៀបចំដំណើរការឡើងវិញ នូវព្រលានយន្តហោះខេត្តបាត់ដំបង ដោយអ្នកពាក់ព័ន្ធចាប់ផ្ដើមប្រមូលទិន្ន័យជាក់ស្ដែង នៃពលរដ្ឋកំពុងរស់នៅក្នុងបរិវេណព្រលាន ហើយពុំមានឧបសគ្គច្រើននោះទេ បើគ្មានបញ្ហាកូវីដ១៩ទេនោះ វាកាន់តែឆាប់បានដំណើរការឡើងវិញ។
ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម តឹក សាលី អនុរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការបច្ចេកទេស អាកាសយានដ្ឋានជាតិ។
ឯកឧត្តម តឹក សាលី អនុរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការបច្ចេកទេស អាកាសយានដ្ឋានជាតិ បានមានប្រសាសន៍ថា បញ្ហាស្រង់ស្ថិតិរបស់ពលរដ្ឋ ដែលរស់នៅក្នុងព្រលាន ស្ទើរតែបានសម្រេច ១០០ភាគរយហើយ ដោយជំហានបន្ទាប់ ក្រុមការងារនឹងចុះវាស់វែងពីផលវិជ្ជមាននិងអវិជ្ជមាន ក៏ដូចជាអ្វីនៅសេសសល់ ដើម្បីឲ្យបានឆាប់បានដំណើរការឡើងវិញ។ មួយវិញទៀត ក្រុមការងារក៏កំពុងធ្វើការទប់ស្កាត់ មិនឲ្យមានការសាងសង់នូវអគារខ្ពស់ៗ បង្កការរំខានដល់ការហោះហើររបស់យន្តហោះ ហើយដីដែលត្រូវពង្រីកក៏មិនផ្ដល់ប្លង់កម្មសិទ្ធិ ឬអនុញ្ញាតឲ្យមានការសាងសង់នោះដែរ ព្រោះក្រុមការងារក៏កំពុងសិក្សា ពីការពង្រីកបន្ថែមជាលក្ខណៈខ្នាត4C ដែលឲ្យយន្តហោះប្រភេទ អ៊ែរបឺស៣២០ អាចចុះចត់បាន។
គួរបញ្ជាក់ថា ព្រលានយន្តហោះខេត្តបាត់ដំបង សម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ១៩៦៨ ត្រូវបានផ្អាកដំណើរការជាច្រើនឆ្នាំ។ បច្ចុប្បន្នមានប្រជាពលរដ្ឋអ្នករស់នៅ ក្នុងបរិវេណព្រលានយន្តហោះជាច្រើនគ្រួសារ ពិសេសគ្រួសារកងទ័ព ហើយទីតាំងនេះ ក៏ជាកន្លែងលំហែរកម្សាន្តមួយដែរ របស់ពលរដ្ឋនៅពេលល្ងាចៗ ត្រូវបានគេយកធ្វើរៀបចំកម្មវិធីមួយចំនួនផងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជំរុញដល់អាជ្ញាធរខេត្តបាត់ដំបង រៀបចំដំ
ណើរការព្រលានយន្តហោះបាត់ដំបងឡើងវិញផងដែរ៕