ហូបត្រីកំពត ប្រាំនាក់ ស្លាប់២នាក់ភ្លាមៗ មាន់ឆ្កែងាប់៨ក្បាល និង៣នាក់ សង្គ្រោះបន្ទាន់ នៅស្រុកឱរ៉ាល់
កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នៅម៉ោង៦ ល្ងាច នៅក្នុងភូមិមួយ នៃឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានដំណើររឿង ពុលត្រីកំពតស្លាប់ ក្រោយបរិភោគទទួលទានអាហារពេលល្ងាច មួយសន្ទុះក្រោយមក។
ជនរងគ្រោះដែលស្លាប់ភ្លាមៗ រួមមាន ១)-ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ២)-ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមកស្នាក់នៅធ្វើការ ភូមិស្រែកិន ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ក្នុងហេតុការណ៍ខាងលើ មានមនុស្ស៥នាក់ បានហូបត្រីកំពតជាមួយគ្នា ប៉ុន្ដែអកុសល ២នាក់បានពុលជួយសង្គ្រោះមិនបានស្លាប់តែម្ដង ចំណែក ៣នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា ដំបូងឡើយពួកគាត់បាននាំគ្នាយកត្រីដែលអូសបានយកមកធ្វើម្ហូបដូចសព្វមួយដង មិនដឹងថាត្រីកំពតមានឥទ្ធិពលមហិទ្ធិឫទ្ធិខ្លាំងក្លាអស្ចារ្យអាចប្រហារជីវិតមនុស្សបាននោះទេ គ្រាន់តែអាចម៍ត្រីកំពត ដែលធ្វើបោះចោលទៅលើដី ត្រូវសត្វមាន់ ឆ្កែ ស៊ី ក៏ត្រូវពុលស្លាប់ដែរ (មាន់ ៧ក្បាល,ឆ្កែ ១ក្បាល) ។
ជនរងគ្រោះដែលបានសង្គ្រោះទាន់ពេលវេលា ១.ឈ្មោះម៉ៅ សេង ហៅ យាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ៣.ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។
នគរបាលខេត្តកំពង់ស្ពឺ ជាការសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស សូមមេត្ដាប្រុងប្រយ័ត្នបំផុតចំពោះការទទួលទានអាហារប្រចាំថៃ្ង ពិសេសករណីត្រីកំពតនេះ ជាទូទៅមានមនុស្សពុលស្លាប់មិនតិចនាក់ទេកន្លងមក អ្នកខ្លះមិនស្លាប់ ដោយសារតែការជួយសង្គ្រោះបានទាន់ពេលតែប៉ុណ្ណោះ ៕