ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុក្រឹត្យ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ គិរី​យង់ ដើម្បី​ការពារ​ប្រព័ន្ធ​អេក​ឡូ​ស៊ី និង​អភិរក្ស​ធនធាន​ជីវចម្រុះ​ធម្មជាតិ

69

 

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​ស្តីពី ការបង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ គិរី​យង់ ដែលមាន​ទំហំ​ផ្ទៃដី ៩៨៤,៣១ (​ប្រាំបួន​រយ​ប៉ែតសិប​បួន​ហិច​តា​និង​សាមសិប​មួយ​អា​) ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ត្រែង និង​ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​អនុក្រឹត្យ​នេះ​មាន​គោលបំណង ការពារ​តួនាទី​ផ្នែក​ប្រព័ន្ធ​អេក​ឡូ​ស៊ី សម្រាប់​ជា​ប្រយោជន៍​របស់​មនុស្ស​គ្រប់​ជំនាន់ ។ កម្រិត​ដល់​ការប្រើប្រាស់​ធនធាន​ជីវចម្រុះ ធនធានធម្មជាតិ ធនធាន​វប្បធម៌ និង​មុខងារ​នៃ​តំបន់​នេះ​។ ការពារ​សោភ័ណភាព ទេសភាព​ធម្មជាតិ និង​តម្លៃ​ធម្មជាតិ​នៃ​តំបន់​នេះ សម្រាប់​បម្រើ​ដល់​ការកម្សាន្ត ការ​ទស្សនា ការអប់រំ ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ជំនឿ ដែល​គ្រប​សកម្មភាព​ទាំងនេះ ពុំ​បង្ក​ការគំរាមកំហែង​ដល់​បរិស្ថាន ធម្មជាតិ និង​វប្បធម៌​នៅក្នុង​មូលដ្ឋាន ។ ផ្តល់​សេវាកម្ម​ធម្មជាតិ​និង​វប្បធម៌ សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព ។ លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន​ក្នុងការ​ចូលរួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ​និង​ការអភិរក្ស​ជីវចម្រុះ ធនធានធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​។​

​បើតាម​អនុក្រឹត្យ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ​និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ គី​រី​យង់ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​ដល់​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ជា​ធរមាន​៕​

អត្ថបទដែលជាប់ទាក់ទង